ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក ប.ស.ស.

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម អមដំណេីរដោយថ្នាក់ដឹកនាំ និងក្រុមការងារ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលរួមបុណ្យគម្រប់ខួប៧ថ្ងៃ លោក នេត សុភ័ក្រ្ត បុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦:២៣ នាទីរសៀល ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនាំយកបច្ច័យចូលបុណ្យខាងលើ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការសោកស្តាយអាឡោះអាឡៃជាពន់ពេកជាមួយក្រុមគ្រួសារ ដែលបានបាត់បង់នូវកូនបង្កើត ឪពុកបង្កើត ស្វាមី និងបងប្រុសបង្កើត ជាទីគោរពស្រលាញ់បំផុតដែលមានព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងបានលះបង់បូជាកម្លាំងកាយកម្លាំងចិត្ត ដើម្បីឱ្យក្លាយខ្លួនទៅជាពលរដ្ឋល្អក្នុងសង្គមជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិស និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ របស់លោក នេត សុភ័ក្រ្ត បានទៅកាន់សុខគតិភពកុំបីអាក់ខានឡើយ៕

