ខេត្តចំនួន៦ នឹងត្រូវប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១

ភ្នំពេញ៖ ឯកឧត្ដម លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា ខេត្តចំនួន ៦ នឹងត្រូវប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១។
កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម លី ធុជ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី វិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពង់ចាមអស់មីន ដែលកិច្ចប្រជុំនេះ គឺជាប្រកាសនូវយុទ្ធនាការចាប់ផ្តើមការងារបោសសម្អាត មីននៅខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បានបញ្ជាក់ប្រាប់អង្គប្រជុំថា ខេត្តចំនួន៦ បានទទួលការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង នឹងត្រូវធ្វើការបោសសម្អាត និងប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១ ក្នុងទំហំផ្ទៃដីសរុបចំនួន ៤២.៥១៣.៧២៩ ម៉ែត្រក្រឡា (៤២,៥១ គីឡូម៉ែត្រក្រឡា) ស្មើនឹង ៥២០ ចម្ការមីន ដោយប្រើប្រាស់ថវិកាប្រមាណជាង ៥,៧ លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងឃុំចំនួន ០៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផងដែរ ។
ឯកឧត្ដម លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់នូវទំនុកចិត្តឲ្យអាជ្ញាធរមីន ដឹកនាំ សម្របសម្រួល និងគ្រប់គ្រងដោយផ្ទាល់នូវគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ដោយធ្វើការជ្រើសរើស និងរៀបចំតំបន់អាទិភាព ដើម្បីបោសសម្អាត។
ឯកឧត្ដមបន្តថា ជាមួយគ្នានេះ អាជ្ញាធរមីន បានធ្វើការសិក្សាតំបន់អាទិភាព និងវាយតម្លៃយ៉ាងច្បាស់ លាស់ដោយបាន ផ្តោតសំខាន់លើខេត្ត ស្រុក ក្រុងណា ដែលមិនមានការគាំទ្រពីសហគមន៍ផ្តល់ជំនួយ ជាពិសេសការ ជ្រើសរើសប្រតិបត្តិករជាតិជាអ្នកបោសសម្អាត ដូចជា បញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម, និងមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា។
ខេត្តកំពង់ចាម គឺជាខេត្តមួយដែលនឹងក្លាយជាខេត្តអស់មីននាចុងឆ្នាំ២០២២ ប្រតិបត្តិការបោសសម្អាត ដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក្នុងទំហំផ្ទៃដីមានមីន ៩៧៩.៥៨៦ ម៉ែត្រក្រឡា ស្មើនឹង ១១ ចម្ការមីន ស្ថិតក្នុងស្រុកចំនួន ០៤ រួមមាន ៖ ស្រុកបាធាយ ស្រុកចម្ការលើ ស្រុកកងមាស និងស្រុកស្ទឹងត្រង់។ ទោះបីជាវត្តមានគ្រាប់មីនដែលយើងបានដឹងនៅខេត្តកំពង់ចាម ត្រូវបានបញ្ចប់ នាចុងឆ្នាំនេះក៏ដោយ ប៉ុន្តែខេត្តកំពង់ចាមនៅបន្តរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងសំណល់ ជាតិផ្ទុះពីសង្រ្គាម ប្រមាណជាង ៦៨ គីឡូម៉ែត្រក្រឡា ដែលតម្រូវឲ្យយើងទាំងអស់ត្រូវបន្ត សហការគ្នា និងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហានៅសេសសល់ទាំងនេះ និងមានប្រុងប្រយ័ត្នខ្ពស់៕

