លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជាមួយស្ថាប័ន MHTC ម៉ាឡេស៊ី

ភ្នំពេញ៖ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ឯកឧត្តម ម៉ាត់ សេត តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាង ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ( CMDF ) និង លោក Muhammad Daud Muhammad Arif នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាលើកកម្ពស់សេវាកម្មសុខាភិបាលម៉ាឡេស៊ី ( MHTC )
ដើម្បីផ្តល់សេវាកម្មព្យាបាលជម្ងឺនៅប្រទេសម៉ាឡេស៊ី និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យសុខាភិបាលរវាងកម្ពុជា-ម៉ាឡេស៊ី នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានលើកពីគោលបំណងសំខាន់នៃអនុស្សារណៈនេះ គឺដើម្បីផ្តល់ឱកាស និងជម្រើសបន្ថែមទៀតជូនដល់អ្នកជម្ងឺកម្ពុជា ក្នុងការទទួលបាននូវបទពិសោធន៍ថ្មីនៃការព្យាបាល ជាមួយនិងភាពទំនើបនៃវិស័យវេជ្ជសាស្រ្តនៃប្រទេសម៉ាឡេស៊ី ។
ឯកឧត្តមបណ្ឌិត បានបន្តថា ពិធីចុះ MOU ថ្ងៃនេះ គឺជាការចូលរួមចំណែកបន្ថែម និងផ្ដល់ជម្រើសជូនអ្នកជំងឺកម្ពុជា ឲ្យកាន់តែទូលំទូលាយ លើការសម្រេចចិត្តក្នុងការទទួលយកសេវាកម្មព្យាបាលសុខភាព ដែលមានតម្លៃសេវាកម្ម ទាបជាងទីផ្សារ ពី ៥០% ទៅ ៦០% ។ ជាពិសេស សេវាកម្មនេះ ក៏ធានាផ្ដល់ជូននៅសន្តិសុខលើការធ្វើដំណើរ ស្នាក់នៅ ម្ហូបអាហារហាឡាល ដែលប្រកបទៅដោយផាសុខភាព ។

ជាការពិតរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស វិស័យសុខាភិបាល ក៏មានការរីកចម្រើនគួរអោយកត់សំគាល់ ដែលស្តែងអោយឃើញតាមរយៈសមត្ថភាពនៃការគ្រប់គ្រងការរីករាលដាលនៃជម្ងឺកូវីត-១៩ ការពង្រីកនូវហេដ្ឋារចនាសម្ពន្ធ័ សេវាសុខាភិបាលសារធារណៈ និងការបណ្តុះបណ្តាលធនធានមនុស្សស្របនិងកំរិតអន្តរជាតិ ។
លោក Muhammad Daud Muhammad Arif បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយ CMDF ។ លោក សង្ឃឹមយ៉ាងមុតមាំថា CMDF នឹងក្លាយជាដៃគូរសហការដ៏សំខាន់របស់ MHTC នៅក្នុងប្រទេសកម្ពុជាដើម្បីសម្របសម្រួលជូនអ្នកជម្ងឺប្រឹក្សាយោបល់ ជ្រើសរើសមន្ទីរពេទ្យ និងគ្រូពេទ្យឯកទេសជូនអ្នកជម្ងឺ ។ ជាមួយគ្នានេះ ក៏អាចនឹងផ្តល់នូវឱកាសនៃការផ្លាស់ប្តូរបទពិសោធន៍សម្រាប់គ្រូពេទ្យនៃប្រទេស ទាំងពីរផងដែរ ។
សូមជម្រាបផងដែរថា MHTC ជាស្ថាប័នឯកជនមួយ ដែលចូលរួមលើកម្ពស់សេវាសុខាភិបាល និងសុខុមាលភាពប្រជាជនទាំងក្នុងប្រទេសម៉ាឡេស៊ី និងក្នុងតំបន់ ។ MHTC មានមន្ទីរពេទ្យដែលជាសមាជិកចំនួន៧៩ ៕

