ពលរដ្ឋជាង៧០០គ្រួសារ ដែលមានសំណង់មិនរៀបរយក្នុងតំបន់អង្គរ ស្ម័គ្រចិត្តមកចាប់ឆ្នោត យកក្បាលដីដោះដូរទីលំនៅថ្មី នៅភូមិរុនតាឯក

ភ្នំពេញ៖ ប្រជាពលរដ្ឋជាង៧០០គ្រួសារ ដែលមានសំណង់មិនរៀបរយនៅក្នុងតំបន់រមណីយ ដ្ឋានអង្គរ ស្ថិតនៅភូមិទក្សិណ និងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានមកចាប់ឆ្នោតទទួលយកក្បាលដី ដើម្បីដូរលំនៅឋានថ្មី ចេញពីតំបន់ រមណីយដ្ឋានអង្គរ។ ការចាប់ឆ្នោតនេះ ធ្វើឡើងនៅសាលាខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ។
ប្រជាពលរដ្ឋបានលើកឡើងស្រដៀងៗគ្នាថា ការសាងសង់លំនៅឋានរបស់ពួកគាត់ នាពេលកន្លងមកនៅតំបន់រមណីយដ្ឋានអង្គរនេះ ពុំមានច្បាប់អនុញ្ញាតឱ្យរស់នៅនោះទេ ហើយពួកគាត់បានសាងសង់ផ្ទះនោះក៏យូរហើយដែរ ប៉ុន្ដែដើម្បីចូលរួមលើកតម្លៃ នៃរមណីយ ដ្ឋានអង្គរ ពួកគាត់ព្រមស្ម័គ្រចិត្ដប្ដូរទីលំនៅថ្មី ដោយទទួលយកក្បាលដីទំហំទទឹង ២០ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ ស្ថិតនៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ ពួកគាត់បានបន្ដថា ទំហំដីដែលរដ្ឋផ្ដល់ឱ្យនោះសមល្មមនឹងទទួលយកបាន។
ពួកគាត់ក៏បានបញ្ជាក់ដែរថា ការដែលពួកគាត់ព្រមស្ម័គ្រចិត្តទៅនៅកន្លែងថ្មីនេះគឺ៖ ទី១. ចង់ចូលរួមធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរស្អាត មានសណ្ឋាប់ធ្នាប់ល្អ និងមានទាក់ទាញ ភ្ញៀវទេសចរឱ្យមកទស្សនាបានកាន់តែច្រើន, ទី២.ពួកគាត់អាចរស់នៅកន្លែងថ្មីដោយ សប្បាយចិត្ត បានដីកម្មសិទ្ធស្របច្បាប់ និងអាចធ្វើសំណង់បានតាមតម្រូវការ។ ប៉ុន្ដែពួក គាត់ ស្នើឱ្យមានការអភិវឌ្ឍសាលារៀន មន្ទីរពេទ្យ ទីវត្ដអារាម និងមានផ្លូវថ្នល់ប្រកប ដោយ គុណភាព ហើយអ្នកខ្លះដែលគ្រួសារមានជីវភាពខ្វះខាតខ្លាំង និងគ្រួសារចាស់ជរា ក៏បានស្នើ ឱ្យអាជ្ញាធរជួយរុះរើ និងដឹកជញ្ជូនសម្ភារពួកគាត់ទៅកាន់កន្លែងថ្មី។
លោក ហាយ យ៉ុង តំណាងឱ្យអាជ្ញាធរក្រុងសៀមរាប បានឱ្យដឹងថា គោលការណ៍ ផ្ដល់ដីដំបូងដល់ប្រជាពលរដ្ឋមានចំនួនជាង៧០០គ្រួសារនេះ ក្នុងចំណោមប្រជាពលរដ្ឋពីរភូមិ រួមមានភូមិទក្សិណ និងភូមិត្រពាំងសេស សង្កាត់គោលចក ក្រុងសៀមរាប ពួកគាត់ បានស្ម័គ្រចិត្ដទទួលយកក្បាលដីទីតាំងថ្មី បន្ទាប់ពីបានវាស់វែងរកឃើញថា ពួកគាត់ សាងសង់លំនៅឋាននៅលើដីតំបន់រមណីយដ្ឋានអង្គរគ្មានច្បាប់អនុញ្ញាត ខណៈដែល ប្រជាពលរដ្ឋមួយចំនួនទៀតមិនព្រមទទួល និងមិនទាន់រកម្ចាស់ឃើញ ដោយមានតែផ្ទះ។
លោកបានបន្ដថា ការផ្ដល់ដីទីតាំងថ្មីដល់ប្រជាពលរដ្ឋជំហានដំបូងនេះ អាចនឹងចាប់ ផ្ដើមរុះរើលំនៅឋានឱ្យពួកគាត់នៅចុងឆ្នាំ២០២២នេះ ដោយសារប្រជាពលរដ្ឋខ្លះជាប់មានកូន រៀន និងជួបបញ្ហាផ្សេងៗ ប៉ុន្ដែមានប្រជាពលរដ្ឋខ្លះពួកគាត់បានរុះរើមួយចំនួនហើយ។
លោកថា អាជ្ញាធរនឹងឱ្យពួកគាត់ទៅពិនិត្យមើលក្បាលដី ក្រោយពីចាប់ឆ្នោត រួចបាន៤ទៅ៥ថ្ងៃ ខណៈក្រុមការងារកំពុងឈូសឆាយរៀបចំប្លង់ដីស្របច្បាប់។ លោកបន្ដថា ទីតំាងដីថ្មីនៅរុនតាឯក ស្រុកបន្ទាយស្រី និងមានការអភិវឌ្ឍគ្រប់វិស័យ រួមមានសាលារៀន មន្ទីរពេទ្យ ទីវត្ដអារាម និងមានផ្លូវថ្នល់ខ្វាត់ខ្វែងផងដែរ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ខែសីហាឆ្នាំ២០២២នេះ ក្រុមការងារបច្ចេកទេសបានរកឃើញអ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបលក់ដូរសរុបចំនួន ៤៤តូប ក្នុងនោះ ៣៤តូបលក់ វត្ថុអនុស្សាវរីយ៍ ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង១០ជួប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក។ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩ គ្រួសារ បានស្ម័គ្រចិត្ត ទៅរស់នៅ តំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេស ៕ ប្រភព៖ ក្រសួងព័ត៌មាន

