នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ទទួលជួបនាយកប្រតិបត្តិក្រុមហ៊ុន Lee’s Food Service
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានទទួលជួប ឯកឧត្តម ឧកញ៉ា ច័ន្ទ តារា នាយកប្រតិបត្តិក្រុមហ៊ុន Lee’s Food Service និងក្រុមការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ។
ជំនួបនេះបានរៀបចំឡើងតាមការស្នើសុំពីសំណាក់ ឯកឧត្ត ឧកញ៉ា ក្នុងគោលបំណងសំណេះសំណាល និងសំដែងការគួរសម ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ និងជាប្រធាន គ.ប.ផ.ក ព្រមទាំងពិភាក្សាលើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ចូលរួមការពារអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាពីការក្លែងបន្លំ ជៀសវាងពីការប្រើប្រាស់ផលិតផលខូចគុណភាព ផលិតផលដែលរក្សាទុកមិនស្របតាមស្តង់ដារសុវត្ថិភាព ផលិតផលដែលផ្ទុកទៅដោយសារធាតុគីមីហាមឃាត់ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ព្រមទាំងលើកទឹកចិត្តការធ្វើធុរកិច្ចប្រកបដោយសុច្ចរិតភាព គោរពច្បាប់ និងប្រកួតប្រជែងដោយភាពស្មោះត្រង់៕