អភិបាលខេត្តបាត់ដំបង ប្រជុំពិនិត្យការងាររៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពតំបន់ផ្ទះអភិរក្សក្នុងក្រុង
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារធ្វើសំយ៉ាបផ្ទះ ការដាក់ស្លាកយីហោ ការកំណត់ពណ៌ផ្ទះ ការរៀបចំផ្លូវដើរ ការកំណត់សណ្តាប់ធ្នាប់នៃការលក់ដូរតាមផ្ទះ និងតាមទីផ្សារនានា។
ពាក់ព័ន្ធទៅនឹងតំបន់ផ្ទះអភិរក្ស ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលបានលើកឡើងពីបញ្ហាមួយចំនួន ដូចជាការតសំយ៉ាបតង់កៅស៊ូ ការដាក់លក់ទំនិញមុខផ្ទះបាំងជិតផ្លូវដើរ ការតំឡើងស្លាកយីហោបាំងតួអគារ និង បញ្ហាបណ្តាញខ្សែកាបរញេរញៃជាដើម ដែលបានបង្កឱ្យមានភាពអសណ្តាប់ធ្នាប់ និងខូចសោភ័ណភាព។
ឯកឧត្តម បានបន្តទៀតថា ដើម្បីប្រែក្លាយតំបន់នេះអោយទៅជាតំបន់ផ្ទះអភិរក្សពេញលេញ តម្រូវអោយមានការរុះរើសំយ៉ាប និងសា្លកយីហោចាស់ ដោយដាក់ជំនួសវិញនូវសំយ៉ាប និងស្លាកយីហោថ្មីស្របទៅតាមស្តង់ដាររួមមួយ ដែលបានកំណត់ច្បាស់លាស់ទៅតាមប្លង់គំរូ ។
ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក្រុងទាំងអស់ ពន្លឿនក្នុងការរៀបចំការលាបពណ៌ផ្ទះ សម្រាប់ផ្ទះស្ថិតក្នុងតំបន់អភិរក្ស ដោយក្នុងនោះរដ្ឋបាលខេត្តបានធ្វើការកំណត់លេខកូដពណ៌ ដែលពណ៌នោះគឺជាពណ៌នៃទម្រង់ដើមនៃអគារនៅតំបន់អភិរក្សនោះតែម្ដង ដើម្បីឱ្យផ្ទះនៅតំបន់អភិរក្សនេះ មានពណ៌ដូចគ្នាផង និងដើម្បីរក្សាអត្តសញ្ញាណដើមនៃអគារទាំងនោះផង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកចូលទស្សនាខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ ។
ក្នុងនោះឯកឧត្តម ក៏បានលើកឡើងអំពីការរៀបចំផ្លូវដើរ ចិញ្ចើមផ្លូវសម្រាប់អ្នកដំណើរងាយស្រួលក្នុងការដើរ ដោយមានកម្ពស់ស្មើៗគ្នា និងមានរូបរាងដូចៗគ្នា ដើម្បីមើលឃើញថាមានរបៀបរៀបរយ និងមានសណ្ដាប់ធ្នាប់ផងដែរ៕