មានបងប្អូនកម្មករនិយោជិតជាង ៨២ម៉ឺននាក់ហេីយ បានទទួលការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនតាមរយៈក្រុមការងារ ប.ស.ស
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ៨២ម៉ឺននាក់ ស្មើនឹង ១ ៧១១លើក បានចូលរួមឈ្វេងយល់ស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នេះបើយោងតាមរបាយការណ៍ស្ដីពីយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន របស់ក្រុមការងារត្រីភាគីសម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។
តាមរយៈយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនខាងលើនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ភាគីនិយោជក ដែលជាម្ចាស់សហគ្រាស គ្រឹះស្ថាន។
ជាមួយគ្នានេះ ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនកម្មករនិយោជិត ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ៕