ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អញ្ជើញអមដំណើរឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បន្តដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង នៃប្រទេសឥណ្ឌូណេស៊ី ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។
សូមជម្រាបជូនថា សម្រាប់កម្មវិធីទស្សនកិច្ចថ្ងៃទី៣នេះ គណៈប្រតិភូបានស្វែងយល់អំពីបទពិសោធល្អៗ អំពីការគ្រប់គ្រងទីលានទុកដាក់សំរាម ជាពិសេសបច្ចេកទេសនៃការញែកសំរាម និងការកែច្នៃសំរាមសម្រាប់ធ្វើជីកំប៉ុស្តិ៍ក្នុងការស្រោចស្រពដំណាំកសិកម្ម៕

