បណ្ឌិត ហ៊ុន ម៉ាណេត៖ សកម្មភាព YDA មិនមែនជាយន្តការ ជំនួសឲ្យយន្តការរាជរដ្ឋាភិបាលទេ គ្រាន់តែជាយន្តការមួយ រួមចំណែកជាមួយរាជរដ្ឋាភិបាល ផ្តល់សេវាសុខាភិបាលជូនពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានថ្លែងថា សកម្មភាពរបស់សមាគម TYDA មិនមែនជាយន្តការដែលមកជំនួសឱយន្តការរបស់រាជរដ្ឋាភិបាលនោះទេ គឺគ្រាន់តែជាយន្តការមួយដែលដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដែលស្របទៅតាមការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលផងដែរ ជាពិសេសគឺការលើកទឹកចិត្តផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលផ្ទាល់តែម្តង។
ថ្លែងក្នុងពិធីបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នាថ្ងៃទី២១ ខែសីហា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាគោលនយោបាយថ្នាក់ជាតិ និងជាគោលគំនិតដ៏សប្បុរសរបស់ សម្តេចតេជោ គឺសម្តេច តែងតែលើកទឹកចិត្តជានិច្ចដល់អង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា ឱ្យចូលរួមចំណែកជួយដល់ ប្រជាពលរដ្ឋតាមគ្រប់រូបភាព ដែលអាចធ្វើបាន ក្នុងនោះវិស័យសុខាភិបាល ក៏ជាវិស័យអាទិភាពមួយផងដែរ ៕