សម្ដេច ស ខេង ណែនាំឱ្យតាមដានរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដែលអាចពាក់ព័ន្ធអំពើជួញដូរមនុស្ស ដើម្បីមានវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងបំភ្លឺ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យតាមដានរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗដែលអាចពាក់ព័ន្ធអំពើជួញដូរមនុស្សដើម្បីមានវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងបំភ្លឺ។
ក្នុង ឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួង ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅថ្ងៃទី១៨ សីហានេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ក្នុងតំបន់ និងអន្តរជាតិ។
សម្ដេច ក៏បានលើកឡើងអំពីទំនាក់ទំនងក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរវាងកម្ពុជា និងអាមេរិក និងបានណែនាំឱ្យតាមដានរាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗដែលអាចពាក់ព័ន្ធអំពើជួញដូរមនុស្សដើម្បីមានវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងបំភ្លឺ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរក្រុមការងារចំណុះលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សចំពោះលទ្ធផលដែលសម្រេចបានក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ និងថាបើទោះបីជាបានសម្រេចកិច្ចការជាច្រើនហើយក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវបន្តរួមគ្នាដោះស្រាយ។ សម្ដេច ក៏បានណែនាំឱ្យចម្លងលទ្ធផលលម្អិតនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះដាក់ជូនថ្នាក់ដឹកនាំក្រសួងស្ថាប័នផ្សេងៗទៀតផងដែរ៕