លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៥ សីហា រកឃើញយានយន្តល្មើសជិត៦០០គ្រឿង
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែសីហាឲ្យដឹងថា ចំនួនគោលដៅសរុប ១៥៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣,៤៤០គ្រឿង ម៉ូតូ ២,៩៣៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៥៩៩គ្រឿង មានម៉ូតូចំនួន ៥១១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
ដោយឡែកក្នុងរយៈពេល១៥ថ្ងៃ(ថ្ងៃទី១-១៥ ខែសីហា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៤៣,៦១៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៤៩១គ្រឿង ម៉ូតូមានចំនួន ៣,៩០០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៥ថ្ងៃនៃខែសីហានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕