កម្ពុជារួមជាមួយបណ្តាប្រទេសហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គ បានចូលរួមវេទិកាបណ្តាញយុវជន បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានជូនដំណើរយុវជនឆ្នើមកម្ពុជាចំនួន៧រូប ទៅចូលរួមវេទិកាបណ្តាញបង្ការទប់ស្កាត់បញ្ហា គ្រឿងញៀន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង បានប្រាប់ឱ្យដឹងថា យុវជនពីបណ្ដាប្រទេស មហាអនុតំបន់ទន្លេមេគង្គ៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ចំនួនសរុប ៤២រូប នឹងធ្វើទស្សនកិច្ច សិក្សា ផ្លាស់ប្ដូរ និងប្រមូលបទពិសោធន៍លើការគ្រប់គ្រង និងបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនដែល កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-២៥ ខែសីហា ឆ្នាំ២០២២ នៅប្រទេសថៃ និង ឡាវ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្ដាំផ្ញើឲ្យយុវជនទាំងអស់ថែទាំថែរក្សាសុខភាពយកចិត្តទុកដាក់ការពារជំងឺរាតត្បាតកូវីដ-១៩ និងបន្តខិតខំប្រឹងប្រែងក្រេបជញ្ជក់យកនូវចំណេះដឹងពីដំណើរទស្សនកិច្ចនេះពង្រឹងសមត្ថភាពដេីម្បីចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
ជាមួយគ្នានេះ ថ្លែងក្នុងនាម ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងអំណរគុណដល់ភាគីថៃដែលតែងតែ បានរួមចំណែកជួយគាំទ្រដល់កម្ពុជា ហើយសង្ឃឹមថាមិត្តថៃនឹងបន្តគាំទ្រជួយដល់កម្ពុជាលើការងារប្រយុទ្ធប្រឆាំង គ្រឿងញៀនទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែននៃប្រទេសប្រទេសហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គទាំងអស់។
សូមបញ្ជាក់ថា ក្នុងការជូនដំណើរនិស្សិតជាយុវជនឆ្នើមរបស់កម្ពុជានោះក៏មានការអញ្ជើញចូលរួមពីលោក ឆាវ៉ាលុត តុងឆូ ទីប្រឹក្សាអមស្ថានទូតថៃប្រចាំកម្ពុជាទទួលបន្ទុកកិច្ចការគ្រឿងញៀនផងដែរ៕