មេបញ្ជាការយោធភូមិភាគទី៥ ដឹកនាំកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ សប្តាហ៍ទី២ ខែសីហា

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ សប្តាហ៍ទី២ ខែសីហា ឆ្នាំ២០២២។
កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយ នាយរងការិយាល័យចំណុះទាំង១៩ នាយកសាលាពលទាហានទី៥ នាយកមន្ទីរពេទ្យយោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង មេបញ្ជាការវរសេនាតូច និងមេបញ្ជាការកងអនុសេនាធំចំណុះយោធភូមិភាគទី៥។

មេបញ្ជាការយោធភូមិភាគទី៥ មានប្រសាសន៍បូកសរុបវាយតម្លៃ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់បណ្តាជំនាញ និងអង្គភាពចំណុះ ដែលសម្រេចបានការងារល្អប្រសើរ ក្នុងសប្តាហ៍កន្លងមកនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចដើម្បីទទួលបានលទ្ធផលល្អ ត្រៀមលក្ខណទាំងកម្លាំង និងសម្ភារ បច្ចេកទេស ចុះជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ បន្តតាមដានសភាពការណ៍ទឹកជំនន់ បន្តជំរុញការងារអប់រំចិត្តសាស្រ្ត និងហ្វឹកហ្វឺនប្រចាំសប្តាហ៍ឡើងវិញដល់នាយទាហាន ពលទាហាន ប្រុងប្រៀបទទួលប្រតិភូថៃនាពេលខាងមុខ និងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន៕

