ព្រឹទ្ធាចារ្យ សោម ដូរិន តារារៀមច្បងក្នុងសម័យយុគមាស កំពុងសំរាកព្យាបាលជំងឺឈាមកកក្នុងខួរក្បាល
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ លោកព្រឹទ្ធាចារ្យ សោម ដូរិន តារាភាពយន្តរៀមច្បង ក្នុងសម័យយុគមាស កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ដោយជំងឺប្រចាំកាយ និងបញ្ហាជំងឺឈាមកកក្នុងខួរក្បាល សំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ដោយមានលោកស្រី សាក់សក្តិកេត មយូរ៉ា ជាឧត្តមភរិយារបស់លោក និងក្រុមគ្រួសារ កំពុងថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។
ម៉ោង៣និង៣០នាទី មុននេះបន្តិច លោកព្រឹទ្ធាចារ្យ សោម ដូរិន បានចូលក្នុងបន្ទប់វះកាត់ហើយ។
យោងតាមហ្វេសប៊ុក ក្រុមព្រះសុរិយាបានឲ្យដឹងថា ក្នុងចំនោមតារាភាពយន្តរៀមច្បងក្នុងសម័យយុគមាស លោកព្រឹទ្ធាចារ្យ សោម ដូរិន បានប្រឡូកក្នុងវិស័យសិល្បៈតំណាលនិងលោក នាង រិទ្ធីយ៉ា ដែលគេហៅជំនាន់ដំបូងនៃការកកើតវិស័យភាពយន្តខ្មែរ។
លោកព្រឹទ្ធាចារ្យ សោម ដូរិន បានលះបង់ច្រើនណាស់ក្នុងបុព្វេសិល្បៈវប្បធម៌ខ្មែរ តាំងពីពេលដែលប្រឡូកសិល្បៈដំបូងដើមទសវត្ស៥០ រហូតមកដល់សព្វថ្ងៃ។
ក្រោយពេលដែលកម្ពុជារួចផុតពីរបបខ្មែរក្រហម ធនធានមនុស្សផ្នែកសិល្បៈភាពយន្ត នៅសល់តិចតួចណាស់ រូបលោក និងភរិយា ក៏បានចូលរួមជាមួយសិល្បករដែលមានវាសនារួចផុតពីការស្លាប់តិចតួចបំផុតនោះ រួមគ្នាកសាងវិស័យភាពយន្តអោយរស់ឡើងវិញជាថ្មី៕