នគរបាលបញ្ជូនជនជាតិវៀតណាម៤នាក់ ទៅតុលាការ ករណីជួញដូរគ្រឿងញៀន នៅក្រុងបាវិត
ភ្នំពេញ៖ មុខសញ្ញាជូញដូរគ្រឿងញៀនជាជនជាតិវៀតណាមចំនួន ៤នាក់ ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបញ្ជូនទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ដើម្បីចាត់ការតាមច្បាប់។
ប្រភពពីស្នងការនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា ជនជាតិវៀតណាម៤នាក់មានស្រីម្នាក់ត្រូវបានកម្លាំងជំនាញចាប់ខ្លួននៅក្រុងបាវិត កាលពីថ្ងៃទី៥ ខែសីហាឆ្នាំ២០២២ហើយបានបញ្ជូនទៅតុលាការខេត្តនៅថ្ងៃទី៩ ខែសីហា ដើម្បីចាត់ការតាមច្បាប់ករណីពួកគេជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន។
វត្ថុតាងគ្រឿងញៀនច្រើនប្រភេទដែលដកហូតបានសរុបទម្ងន់១.០០៨ក្រាម-ជញ្ជីងថ្លឹងគ្រឿងញៀន៧គ្រឿង-ទូរសព្ទ១២គ្រឿង-កុំព្យូទ័រលេបថប១គ្រឿង-លុយដុល្លារចំនួន៩២២ដុល្លារ-លុយវៀតណាម២៨លានដុង-លុយរៀលចំនួន ៤០.០០០រៀល ព្រមទាំងសម្ភារឧបករណ៍ប្រើប្រាស់ពាក់ព័ន្ធនឹងគ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕