សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ គឺពី កម្រិតមីក្រូ ទៅតូច ពីកម្រិតតូច ទៅមធ្យម និងពីមធ្យមទៅធំ។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
សម្ដេចធិបតីបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិផ្ដល់អាទិភាពដល់វិស័យឯកជន និងជួយដល់វិស័យ SME ដោយដាក់ចេញនូវវិធានការ ជួយសម្រួល លើកទឹកចិត្តឱ្យវិស័យទាំងនេះដំណើរការទៅបានល្អ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជំរុញដល់ផលិតករទាំងអស់ក្នុងវិស័យ SME ត្រូវពង្រឹងភាពម្ចាស់ ការលើខ្លួនឯងដើម្បីឱ្យការផលិតមាននិរន្តរភាពយូរអង្វែង តាមរយៈការពង្រឹងគុណភាពឱ្យកាន់តែល្អ មានតម្លៃសមរម្យ ដើម្បីជំនួសការនាំចូល ទោះបីជាមានការប្រកួតប្រជែង និងការបើកចំហទីផ្សារសេរីក៏ដោយ៕

