សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរម្លឹកថា ស្ថានភាពព្រំដែនកន្លងមកថ្មីៗនេះ ធ្វើឱ្យយើងដឹងថា បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ ហេតុនេះដើម្បីយើងខ្លាំង យើងកាន់តែរឹងមាំ យើងត្រូវរួមគ្នាផលិតរាល់ផលិតផលទាំងអស់ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
សម្ដេចធិបតីបន្តថា បច្ចុប្បន្នកម្ពុជាប្រឹងដោះស្រាយនឹងបញ្ហាសង្គ្រាមធំៗចំនួន ៣ ក្នុងនោះទី១ គឺសង្គ្រាម ដើម្បីការពារកេរ្តិ៍ឈ្មោះកម្ពុជា ពាក់ព័ន្ធនឹង Online Scams ដែលប្រទេសជាច្រើន បានពាក់ព័ន្ធតែកម្ពុជារងគ្រោះជាងគេ, ទី២ គឺសង្គ្រាមឈ្លានពានបូរណភាពទឹកដីពីប្រទេសថៃ និង ទី៣ គឺសង្គ្រាមសេដ្ឋកិច្ចពិភពលោក។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់កិច្ចការងារទាមទារទឹកដីស្របច្បាប់នោះឡើយ គឺបាននឹងកំពុងខិតខំធ្វើកិច្ចការងារនេះដោយសន្តិវិធី តាមរយៈយន្តការអន្តរជាតិ បញ្ចៀសការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ ដែលវានឹងបង្កើតបរិស្ថានប៉ះពាល់ដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋ៕

