អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង

បាត់ដំបង៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបាត់ដំបងរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត និងការដុតបំផ្លាញគ្រឿងញៀន ក្រោមអធិបតីឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានអាននូវសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអត្ថន័យដ៏ជ្រាលជ្រៅក្រើនរំឭកដល់កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋឱ្យបំពេញកាតព្វកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា ខេត្តបាត់ដំបងរៀបចំទិវានេះដើម្បីដាស់តឿនក្រើនរំឭកដល់អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ និងស្វែងយល់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់បង្កឡើងដោយសារគ្រឿងញៀន និងរួមគ្នាបង្ការ ទប់ស្កាត់ និងលុបបំបាត់តាមរយៈការប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍ យើងគ្មានគ្រឿងញៀន។
ឯកឧត្តម គូសបញ្ជាក់ថា ទោះបីខេត្តបាត់ដំបងទាំងមូលពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងការចែកចាយគ្រឿងញៀនក៏ដោយក៏យើងគ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធនឹងការជួញដូរគ្រឿងញៀន និងកាត់បន្ថយអត្រាអ្នកប្រើប្រាស់គ្រឿងញៀនឱ្យនៅកម្រិតតិចបំផុតជាអតិបរិមា។ដើម្បីសម្រេចបាននូវទិសដៅនេះ ទាមទារឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធទាំងអស់ អនុវត្ត៣កុំ មួយរាយការណ៍ គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍អំពីបទល្មើសគ្រឿងញៀនសំដៅធ្វើឱ្យកើតមាននូវ “ប្រទេសខ្ញុំ សុវត្ថិភាពខ្ញុំ” ឬខេត្តខ្ញុំ “សុវត្ថិភាពខ្ញុំ”។
ឯកឧត្តម បន្ថែមថា គ្រឿងញៀន គឺជាបញ្ហាដែលត្រូវចូលរួមទាំងអស់គ្នា បើស្ថានភាពនៃការចរាចរណ៍ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅតែមានគឺរាល់គម្រោងអភិវឌ្ឍន៍ខេត្តនានាមិនអាចប្រព្រឹត្តទៅបានឡើយមិនដូច្នេះទេធនធានមនុស្សរបស់យើងក៏ត្រូវធ្លាក់ក្នុងវិបត្តិសង្គមដ៏ស្មុគស្មាញដែរ។
ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្តថា ទោះបីខេត្តបាត់ដំបងនៅមិនទាន់មានស្ថានភាពអាក្រក់ ក៏យើងទាំងអស់គ្នាត្រូវតែមានស្មារតីប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ពលរដ្ឋម្នាក់ជាអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់។ទាំងអស់គ្នាត្រូវចូលរួមធ្វើឱ្យសង្គមគ្មានគ្រឿងញៀន ដើម្បីអនាគតរបស់កូនចៅជំនាន់ក្រោយត្រូវតែចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន។
ឯកឧត្តម បញ្ជាក់បន្ថែមថា សម្រាប់ថ្ងៃអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃនេះ គណៈកម្មការ បានធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀន តាមដីកាសម្រេចរបស់សាលាដំបូងខេត្តដែលមានគ្រឿងញៀនចម្រុះសរុបទម្ងន់ ២៤.៦៧៤,៨៨ក្រាម ព្រមទាំងសម្ភារសម្រាប់ផលិត ការជួញដូរ និងសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕

