អភិបាលខេត្តតាកែវ ទទួលស្រោមដៃពេទ្យ ២០០កេស ពីឯកឧត្តម អេង សួស្ដី និង Rapid Test ១៥០០Kit ពី ក្រុមការងារយុវជន គណៈកម្មាធិការកណ្ដាល បក្សប្រជាជន

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលអំណោយជាសម្ភារៈបរិក្ខាពេទ្យ មានជា ស្រោមដៃពេទ្យ ចំនួន ២០០កេស ពី ឯកឧត្តម អេង សួស្ដី ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ ឧត្តមសេនីយ៍ឯក អ៊ិន ច័ន្ទធី សមាជិកក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ព្រមទាំង លោក ធៀម ម៉ូលីឌេន តំណាងក្រុមហ៊ុនជី៤ថេក ប្រផឺធី & អ៊ិនវេសមិន ឯ.ក និង Rapid Test ចំនួន ១៥០០Kit ពីក្រុមការងារយុវជនគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដើម្បីផ្ដល់ជូនរដ្ឋបាលខេត្តតាកែវ រៀបចំបែកចែងផ្ដល់ជូនតាម ស្រុកប្រតិបត្តិទាំង៦ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទូទាំងខេត្ត ទុកសម្រាប់ប្រើប្រាស់ចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងបានចាត់ទុកការនាំយកមកនូវសម្ភារៈពេទ្យមួយចំនួននេះថា ជាកាយវិការមនុស្សធម៌ សប្បុរសជន គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ និងជាវប្បធម៌ នៃការចែករំលែក ចេះជួយគ្នា ក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ដែលសកម្មភាពនេះ ជាការចូលរួមចំណែក យ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីៗ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនចូលរួមរំណែកយ៉ាងធំធេងលើការងារទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងយកចិត្តទុកដាក់ថែរក្សា និងពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ៕

