អភិបាលរងខេត្តឧត្តរមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់តម្លៃបំផុតដល់មនុស្សវ័យចាស់

ឧត្ដមានជ័យ៖ លោក គង់ កន្ធារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់តម្លៃបំផុតដល់មនុស្សវ័យចាស់។
លោក គង់ កន្ធារិទ្ធ ថ្លែងបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាពីគ្រោះយោបល់ ស្តីពី “ នីតិវិធីក្នុងការជម្រុញ និងពង្រឹងសមាគម មនុស្សចាស់ ឃុំ សង្កាត់ ” ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក គង់ កន្ធារិទ្ធ អភិបាលរងខេត្ត មានមតិផ្ដាំផ្ញើការសួរសុខទុកពីសំណាក់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្ដរមានជ័យ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានសមាគម មនុស្សចាស់ ខេត្តឧត្តរមានជ័យជូនដល់អង្គពិធីទាំងមូល។
លោកអភិបាលរងខេត្តលើកឡើងថា សមាគម មនុស្សចាស់ខេត្តឧត្តរមានជ័យបានចាប់ផ្តើមដំណើរការក្នុងអំឡុងឆ្នាំ២០១៦ កន្លងមកហើយទូទាំង ២៤ឃុំ សង្កាត់ ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ននេះសមាគមមិនបានដំណើរការទេ មូលហេតុពុំមានថវិកាទ្រទ្រង់សមាគមដែលជាបញ្ហាប្រឈមដ៏ធំ ដោយពុំមានអង្គការដៃគូ សប្បុរសជនជួយទេ។
លោកបន្តថា លោកតា លោកយាយមិនមែនជាបន្ទុកនោះទេ ប៉ុន្តែគឺជាមគ្គុទេសក៍ដ៏ឆ្នើម ជាឃ្លាំងចំណេះដឹង បទពិសោធន៍ និងជាគ្រឹះនៃវប្បធម៌ដ៏រឹងមាំសម្រាប់សង្គមជាតិ បើគ្មានការលះបង់ ការអត់ធ្មត់ និងការខិតខំកសាងពីសំណាក់ លោកតា លោកយាយ អ៊ំពូមីងជំនាន់មុនទេ នោះខេត្តរបស់យើងក៏ដូចជាប្រទេសជាតិទាំងមូលក៏មិនអាចមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះដែរ។
លោកបន្ថែមថា ឯកឧត្តមអភិបាលខេត្ត តែងតែក្រើនរំលឹកដល់លោក លោកស្រីប្រធាន គណៈកម្មាធិការសមាគមមនុស្សចាស់ទាំង២៤ ឃុំ សង្កាត់ ត្រូវតែបង្កើតឡើងវិញឱ្យបានឆាប់ ព្រោះសមាគមនេះមានតួនាទី សំខាន់ណាស់ក្នុងការថែរក្សាសុខភាព ជាស្ពានចម្លងជួយឱ្យលោកតា លោកយាយទទួលបានសេវា និងជំនួយសង្គម បានទាន់ពេលវេលា ជាពិសេសបង្កើនភាពកក់ក្តៅ ការពារលោកតា លោកយាយពីភាពឯកកោ តាមរយៈការបង្កើតកម្ម វិធីជួបជុំធ្វើបុណ្យទាន និងចែករំលែកធនធានជួយគ្នាទៅវិញទៅមកក៏ដូចជាផ្ទេរនូវចំណេះដឹង ជាកន្លែងដែលយុវជន ជំនាន់ក្រោយអាចមកក្រេបជញ្ជក់យកដំបូន្មាន និងបទពិសោធន៍ជីវិតដ៏មានតម្លៃ។
នៅក្នុងឱកាសនោះ លោក គង់ កន្ធារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលចុះមកពង្រឹងសមត្ថភាពដល់គណៈកម្មធិការសមាគមមនុស្សចាស់ថ្នាក់ ឃុំ សង្កាត់ នាឱកាសដ៏ថ្លៃថ្លានេះ សបញ្ជាក់ឱ្យឃើញនូវ ការយកចិត្តទុកដាក់ ផ្តល់តម្លៃដល់មរតករស់របស់មនុស្សចាស់ ក្នុងការរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដល់សមាគម មនុស្សចាស់ឱ្យដំណើរការឡើងវិញ។
លោកអភិបាលរងខេត្តបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សមាគមមនុស្សចាស់របស់ខេត្តឧត្ដរមានជ័យនឹងទទួលបានភាពធន់ ប្រកបដោយប្រសិទ្ធផលដែលថ្នាក់ដឹកនាំខេត្តរំពឹងថាសមាគមនេះនឹងដំណើរការទៅយ៉ាងរលូន និងទទួលបានជោគជ័យ។
តាមរបាយការណ៍របស់លោកអភិបាលរងខេត្ត បានបញ្ជាក់ថា យោងតាមសៀវភៅផែនការខេត្តនៅក្នុងខេត្តឧត្ដរមានជ័យ មនុស្សវ័យ៦០ឆ្នាំឡើងមានចំនួន២១០២៩នាក់ ស្មើនិង៧.៥៣% ដែលត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់។
សូមរំលឹកថា ទិវាមនុស្សចាស់កម្ពុជា នឹងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាព មនុស្សចាស់ឱ្យ កាន់តែប្រសើរឡើងហើយទិវានេះក៏បង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ និងបុព្វការីជនក្នុងសង្គមជាតិផងដែរ៕

