ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»

សៀមរាប៖ បើទោះបីជាមិនសូវមានសិលាចារឹកចារិកទុកច្បាស់លាស់ដូចប្រាសាទដទៃ ប៉ុន្តែ «ប្រាសាទបន្ទាយសំរ៉ែ» ត្រូវបានអ្នកជំនាញសិល្បៈនិងស្ថាបត្យកម្មបុរាណចាត់ទុកថាជា ត្បូងពេជ្រលាក់ខ្លួនមួយ ដោយសារតែក្បាច់ចម្លាក់ដ៏រស់រវើក និងសំណង់ស្ថាបត្យកម្មដ៏មានលំនឹងល្អឥតខ្ចោះ ស្រដៀងគ្នានឹងប្រាសាទអង្គរវត្ត។
ប្រាសាទបន្ទាយសំរ៉ែ ស្ថិតនៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ទីតាំងនេះស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) មានចម្ងាយប្រហែល ២ គីឡូម៉ែត្រ ពីភូមិព្រះដាក់ និងស្ថិតនៅខាងត្បូងផ្លូវធ្វើដំណើរពីភូមិព្រះដាក់ទៅភ្នំបូក។
តើឈ្មោះ «បន្ទាយសំរ៉ែ» មានប្រភពមកពីណា?
ពាក្យថា «បន្ទាយ» គឺសំដៅលើសំណង់ដែលមានកំពែងរឹងមាំព័ទ្ធជុំវិញ។ ចំណែកពាក្យថា «សំរ៉ែ» គឺជាឈ្មោះនៃក្រុមជនជាតិដើមភាគតិចមួយពួកដែលរស់នៅក្នុងប្រទេសកម្ពុជាតាំងពីបុរាណកាល។ការហៅឈ្មោះនេះ គឺតភ្ជាប់គ្នារវាងរូបរាងប្រាសាទ ប្រវត្តិសាស្ត្រពិត ក៏ដូចរឿងព្រេងដែរ។
តាមការស្រាវជ្រាវ នៅក្នុងតំបន់ភូមិប្រដាក កាលដើមឡើយ គឺមានបងប្អូនជនជាតិភាគតិចសំរ៉ែរស់នៅពិតប្រាកដ ហើយប្រជាជនរស់នៅទីនោះសព្វថ្ងៃ ក៏ត្រូវគេជឿថាមានដូនតាជាជនជាតិសំរ៉ែផងដែរ។ លើសពីនេះ បងប្អូនជនជាតិសំរ៉ែនៅតំបន់ភ្នំក្រវាញក៏បានតំណាលតៗគ្នាមកថា ពួកគេមានខ្សែស្រឡាយបងប្អូននៅតំបន់អង្គរ ដែលប្រហែលជាមានទំនាក់ទំនងអ្វីមួយនឹងប្រាសាទបន្ទាយសំរ៉ែនេះ។
ផ្អែកលើការសិក្សាប្រៀបធៀបរចនាបថសិល្បៈ ដែលដូចគ្នាបេះបិទទៅនឹងរចនាបថអង្គរវត្ត នាំឲ្យអ្នកប្រវត្តិសាស្ត្របានសន្និដ្ឋានថា ប្រាសាទបន្ទាយសំរ៉ែត្រូវបានកសាងឡើងនៅពាក់កណ្តាលគ្រិស្តសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌ទី២ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម (ព្រះនារាយណ៍)។
ប្រាសាទនេះកសាងឡើងដោយការផ្សំគ្នារវាងថ្មភក់ (ប្រើសម្រាប់តួប្រាសាទ ក្បាច់ចម្លាក់ ទ្វារ បង្អួច) និងថ្មបាយក្រៀម (ប្រើសម្រាប់គ្រឹះ និងជញ្ជាំងថែវព័ទ្ធជុំវិញ)។ កាលដើមឡើយ ដំបូលថែវព័ទ្ធជុំវិញប្រាសាទ ធ្វើអំពីឈើនិងប្រក់ក្បឿង ដែលបច្ចុប្បន្នបានបាក់បែកអស់ ដោយបន្សល់ទុកតែស្លាកស្នាមប្រហោងឈើសម្រាប់ទប់ទល់ដំបូលនៅលើជញ្ជាំងតែប៉ុណ្ណោះ។ មានផ្លូវដើរលយទៅទិសខាងកើតប្រវែងប្រហែល ២០០ ម៉ែត្រ អមដោយបង្កាន់ដៃនាគយ៉ាងស្កឹមស្កៃ និងមានរូបសំណាកតោមួយគូឈរយាមល្បាតនៅច្រកចូលយ៉ាងរឹងមាំ។
នៅសងខាងផ្លូវចូលតួប៉មខឿនកណ្តាល មានអាគារហោត្រៃចំនួនពីរធ្វើអំពីថ្មភក់ លើកកម្ពស់ផុតពីដី។ ហោត្រៃទាំងនេះមានទ្វារពិតបែរទៅទិសខាងលិច (ឆ្ពោះទៅតួប្រាសាទ) និងទ្វារបញ្ឆោតលម្អក្បាច់បែរទៅទិសខាងកើត ដោយមានហោជាងចម្លាក់រឿងទេវកថាយ៉ាងល្អប្រណីត។ ប្រាសាទនេះមានថែវព័ទ្ធជុំវិញចំនួនពីរជាន់។ ថែវជាន់ក្រៅមានសភាពបាក់បែកខូចខាតខ្លាំង ប៉ុន្តែនៅតាមខ្លោងទ្វារគ្រប់ទិសទាំងបួន សុទ្ធតែមានការលម្អដោយចម្លាក់រឿងរ៉ាវទេវកថាយ៉ាងរស់រវើក។ អ្វីដែលពិសេសនោះគឺ ក្រៅពីឡោមព័ទ្ធដោយរឿងរ៉ាវក្នុងព្រហ្មញ្ញសាសនា ប្រាសាទនេះក៏មានលាយឡំនូវចម្លាក់ទាក់ទងនឹងព្រះពុទ្ធសាសនាផងដែរ ដែលឆ្លុះបញ្ចាំងពីការរួមរស់នៅចុះសម្រុងគ្នា នៃសាសនាទាំងពីរក្នុងសម័យនោះ។
ក្តីកណ្តាលមានរាងជាអក្សរ «T» លយទៅទិសខាងកើត មានទ្វារចំហពិតប្រាកដមួយ និងទ្វារបញ្ឆោតចំនួនបី (ជើង ត្បូង លិច) ដែលជិតខ្ទប់ ប៉ុន្តែលម្អដោយក្បាច់ចម្លាក់ផ្ទាំងទ្វារយ៉ាងហ្មត់ចត់។ មានអាថ៌កំបាំងមួយនៅខាងក្នុងចំកណ្តាលក្តី មានប្រអប់ថ្មភក់មួយមានគម្រប និងមានចំពួយ ឬប្រហោងបង្ហូរទឹកនៅបាតខាងក្រោម។ ទោះបីជាវាមានរូបរាងដូច «មឈូស» ប៉ុន្តែអ្នកជំនាញជឿជាក់ថា មិនមែនសម្រាប់ដាក់សាកសពនោះទេ។ ដូចទំនងជាប្រើប្រាស់ជា «កោដ្ឋ» ថ្ម សម្រាប់តម្កល់ធាតុអ្នកស្លាប់ក្រោយបូជាហើយ។
ប្រាសាទបន្ទាយសំរ៉ែ មិនត្រឹមតែជាកេរដំណែលស្ថាបត្យកម្មដ៏កំពូលនៃសម័យអង្គរប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពប្រវត្តិសាស្ត្រដ៏រស់រវើក ដែលបង្ហាញពីការតភ្ជាប់គ្នារវាងជំនឿ សាសនា និងការរស់នៅរបស់សហគមន៍មនុស្ស (ជនជាតិសំរ៉ែ) នៅក្នុងតំបន់ឧទ្យានអង្គរតាំងពីបុរាណកាលមក៕

