មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ប្រជុំពិភាក្សាការងារ ជាមួយមេបញ្ជាការយោធភូមិភាគទី១ ថៃ តាមប្រព័ន្ធវីដេអូ
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានប្រជុំពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ិកសាន់ ណងបូឡាង មេបញ្ជាការយោធភូមិភាគទី១ ថៃតាមប្រព័ន្ធវីដេអូហ្ស៊ូម (Zoom Meeting) ។
កិច្ចរវាងប្រមុខកងទ័ពនៃភាគីទាំងពីរនាថ្ងៃនេះ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព ភាតរភាព មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងនៃភាគីទាំងពីរ រក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដែលជាគុណប្រយោជន៍ ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលរស់នៅ តាមបណ្តោយព្រំដែន និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សហការចូលរួមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ សហការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជា៖ ពាណិជ្ជកម្ម កសិកម្ម វប្បធម៌ ទេសចរណ៍ អប់រំ កីឡា សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងសង្គមកិច្ច ជាដើម។
កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅ ប្រកបដោយក្តីរីករាយរាក់ទាក់ ភាតរភាព ស្និទ្ធស្នាល និងប្រកបដោយស្មារតីនៃការយោគយល់គ្នា៕