កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ប្រកាសថា បានសម្លាប់យោធាមីយ៉ាន់ម៉ាអស់ជាង៦០នាក់ ខណៈការប្រយុទ្ធគ្នាកាន់តែក្ដៅគគុកនៅចំណុចក្បែរព្រំដែនថៃ

ណៃពិដោ៖ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ដែលទើបបង្កើតរដ្ឋខ្លួនឯង បានប្រកាសថា បានសម្លាប់យោធាមីយ៉ាន់ម៉ាអស់ជាង៦០នាក់ ចាប់តាំងពីដើមខែមេសាមក ខណៈឈុតឆាកប្រយុទ្ធគ្នាកាន់តែមានភាពក្ដៅគគុកនៅចំណុចក្បែរព្រំដែនថៃ ដែលធ្វើឱ្យរាជធានីបាងកកភ្នែកនៅកញ្ចឹង-កម្តងម្កាល។
តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ទាហានរដ្ឋាភិបាលភូមាអស់ជាង៦០នាក់។ ក្នុងរយៈពេលតែមួយសប្តាហ៍ចុងក្រោយនេះ មានទាហានរដ្ឋាភិបាល២៦នាក់ស្លាប់ និង៣៥នាក់រងរបួស ព្រមទាំងមានទាហានមួយចំនួនត្រូវបានចាប់ខ្លួនផងដែរ ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នានៅក្នុងរដ្ឋការ៉ែន ដែលស្ថិតនៅទល់មុខខេត្តម៉ែហុងសុន ប្រទេសថៃ។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា ចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែមីនា មានការប៉ះទង្គិចគ្នាបានកើតឡើងចំនួន៩លើក រវាងកងកម្លាំងរបបសឹក និងកងកម្លាំងការ៉ែន។
ជាមួយគ្នានេះដែរ អ្នកភូមិថៃបានរាយការណ៍ថា ពួកគេបានឮសំឡេងផ្ទុះ និងសំឡេងកាំភ្លើងបាញ់គ្នាដូចលាជផ្ទុះតាមព្រំដែនមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃទី៣ ខែឧសភា។ យោងតាមរបាយការណ៍ក្នុងប្រទេសថៃ ការប្រយុទ្ធគ្នានេះ ត្រូវបានគេជឿថាជាការវាយឆ្មក់របស់កងកម្លាំងការ៉ែន ទៅលើរបបដឹកនាំមីយ៉ាន់ម៉ា។
សូមរម្លឹកថា កាលពីចុងខែមេសាថ្មីៗនេះ យន្តហោះយោធាមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមអាកាសលើសហគមន៍រ៉ែមួយកន្លែង បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១២នាក់រងរបួសនៅក្បែរព្រំដែនថៃ៕

