លោក ដូណាល់ ត្រាំ៖ អាមេរិកនឹងគ្រប់គ្រងគុយបា ក្នុងពេលឆាប់ៗនេះ

វ៉ាស៊ីនតោន៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងគុយបា ក្នុងពេលឆាប់ៗនេះ ជាមួយការបង្ហើបថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿងអាចនឹងត្រូវបានដាក់ពង្រាយដើម្បីបង្ខំឱ្យគុយបាចុះចាញ់។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅឯព្រឹត្តិការណ៍មួយក្នុងរដ្ឋ Florida។ តាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងដោះស្រាយជាមួយគុយបា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ ហើយថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln អាចត្រូវបានដាក់ពង្រាយទៅក្បែរដែនទឹក គុយបា។
លោក ត្រាំ ថែមទាំងបានអះអាងទៀតផងថាគ្រាន់តែបង្ហាញសាច់ដុំយោធារបស់សហរដ្ឋអាមេរិក ក៏អាចនឹងធ្វើឱ្យគុយបាសុំចុះចាញ់។
គុយបាវិញបានថ្កោលទោសទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយថានឹងមិនចុះញ៉មនឹងការសម្លុតគំរាមនោះទេ៕

