សម្តេចធិបតី៖ ប្រជាជនគ្រប់រូបត្រូវក្លាយជាធនធានរបស់ជាតិ មិនមែនជាបន្ទុករបស់ជាតិនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថាប្រជាជនគ្រប់រូបត្រូវក្លាយជាធនធានរបស់ជាតិ មិនមែនជាបន្ទុករបស់ជាតិនោះទេ ក្នុងនោះក្មេងទំនើងក៏ដូចគ្នាដែរ មិនត្រូវក្លាយជាបន្ទុករបស់ជាតិទេ។
សម្ដេចបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបញ្ជាក់ឡើងវិញថា សម្ដេចបានណែនាំដល់ ក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ, និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទឱ្យសិក្សាផ្លូវច្បាប់ មិនមែនបង្កើតច្បាប់ថ្មីទេ ដើម្បីបញ្ជូន ឬយកក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានទៅបម្រើការងារនៅតាមសមរភូមិមុខ ដើម្បីជួយការងារនៅតំបន់ព្រំដែន ដូចជាការចាក់លេណដ្ឋាន ឬការងារសំណង់ផ្សេងៗ មិនមែនទៅធ្វើជាកងទ័ព កាន់កាំភ្លើងនោះទេ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្ថែមថា សង្គមជាតិមួយរីកចម្រើនទៅបាន គឺត្រូវការធនធានមនុស្សមានសុខភាពល្អរឹងមាំ មានវិន័យ មានឆន្ទះ និងការទទួលខុសត្រូវ៕

