ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមេសា ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់អង្គភាពក្រោមឱវាទ ប.ស.ស.

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែមេសា ឆ្នាំ២០២៦ ដើម្បីត្រួតពិនិត្យរាល់សកម្មភាពការងារដែលសម្រេចបានក្នុងខែកន្លងមក និងដោះស្រាយបញ្ហាប្រឈមលើចំណុចខ្វះខាតនានា សំដៅពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង ទាន់ពេលវេលា និងចំគោលដៅ ស្របតាមសូចនាករដែលបានកំណត់។
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានពិភាក្សា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ប.ស.ស. ទាំងអស់ ដើម្បីជំរុញការអនុវត្តការងារឱ្យកាន់តែមានភាពរលូន និងឆាប់រហ័ស ជាពិសេសគឺការរឹតបន្តឹងវិន័យការងារក្នុងអង្គភាពឱ្យបានហ្មត់ចត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទទាំងអស់ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងខិតខំអនុវត្តទិសដៅការងារក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីជំរុញយន្តការបម្រើសេវាសាធារណៈជូនដល់សមាជិក ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាវិជ្ជមាន។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្នាក់ការកណ្តាល និងតាមបណ្តាសាខាខេត្ត-ខណ្ឌ ទាំងដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom) សរុបប្រមាណជាង ២០០នាក់៕

