សេតវិមាន៖ ពុំមាននរណាសក្តិសមនឹងទទួលបានពានរង្វាន់សន្តិភាពរបស់ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ជាងលោកប្រធានាធិបតីអាមេរិកនោះឡើយ

វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters សេតវិមានបានឆ្លើយតបពាក្យសម្តីរិះគន់ ចំពោះការដែលលោក ដូណាល់ ត្រាំ ទទួលបានពានរង្វាន់សន្តិភាពរបស់ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ដោយនិយាយថា ពុំមាននរណាសក្តិសមនឹងទទួលបានពាននេះ ជាងលោកប្រធានាធិបតីអាមេរិកនោះឡើយ។
កាលពីខែធ្នូ ចុងឆ្នាំមុន អំឡុងពិធីចាប់ឆ្នោតចែកពូលសម្រាប់ព្រឹត្តិការណ៍ World Cup FIFA បានប្រគល់ពានរង្វាន់សន្តិភាពដំបូងបំផុតរបស់ខ្លួន ដល់លោក ត្រាំ សម្រាប់ «ការលើកកម្ពស់សន្តិភាពនិងសាមគ្គីភាពនៅជុំវិញពិភពលោក» ជាហេតុនាំឱ្យមានការរិះគន់ ចាប់តាំងពីពេលនោះមក។
ក្នុងសប្តាហ៍នេះ កីឡាករបាល់ទាត់អូស្រ្តាលី Jackson Irvine បាននិយាយថា ការប្រគល់ពានរង្វាន់ខាងលើឱ្យលោក ត្រាំ គឺស្មើនឹងការប្រមាថគោលនយោបាយសិទ្ធិមនុស្សរបស់ FIFA ខណៈសហព័ន្ធបាល់ទាត់ន័រវែស បាននិយាយថា FIFA គួរតែលុបបំបាត់ពានរង្វាន់នេះវិញ។
ជាការឆ្លើយតប សេតវិមានបាននិយាយថា គោលនយោបាយការបរទេសនៃការប្រើកម្លាំងដើម្បីសម្រេចសន្តិភាពរបស់លោក ត្រាំ បានបិទបញ្ចប់សង្រ្គាមសរុបចំនួន៨ ក្នុងពេលមិនដល់១ឆ្នាំ។ សេតវិមានបាននិយាយយ៉ាងដូច្នេះថា «នៅលើពិភពលោកនេះ ពុំមាននរណាម្នាក់ផ្សេង ដែលសមទទួលបានពានរង្វាន់សន្តិភាពដំបូងបំផុតរបស់ FIFA ជាងលោកប្រធានាធិបតី ត្រាំ ឡើយ។ អ្នកដែលយល់ផ្ទុយពីនេះ គឺច្បាស់ណាស់សុទ្ធតែជាអ្នកមានជំងឺស្អប់លោក ត្រាំ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលត្រូវធ្វើជាម្ចាស់ផ្ទះ World Cup នៅឆ្នាំនេះ រួមគ្នាជាមួយកាណាដា និងម៉ិកស៉ិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា បានបើកប្រតិបត្តិការយោធា លើវ៉េណេស៊ុយអេឡា កាលពីដើមខែមករា ឆ្នាំនេះ ពោលគឺមួយខែបន្ទាប់ពីលោក ត្រាំ ទទួលបានពានសន្តិភាពរបស់ FIFA ហើយក្រោយមកទៀត បានបំផ្ទុះសង្រ្គាមនៅមជ្ឈិមបូព៌ា តាមរយៈការរួមដៃជាមួយអ៉ីស្រាអែល វាយប្រហារលើអ៉ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

