ក្រុមអ្នកការទូតរុស្ស៉ី រិះគន់កញ្ចប់ទណ្ឌកម្មទី២០ ដែលសហភាពអឺរ៉ុបទើបបានដាក់ចេញ ជុំវិញការឈ្លាពាននៅអ៊ុយក្រែន

មូស្គូ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រុមអ្នកការទូតរុស្ស៉ី បានរិះគន់កញ្ចប់ទណ្ឌកម្មទី២០ ដែលសហភាពអឺរ៉ុប (EU) ទើបបានដាក់ចេញ ជុំវិញការឈ្លាពាននៅអ៊ុយក្រែន ដោយហៅវាថាជាវិធានការ ខ្វះ ភាពស្របច្បាប់ របស់ អង្គការសហប្រជាជាតិ (UN) និង រំលោភសិទ្ធិ របស់ ប្រទេស ទីបី។
សារព័ត៌មានរុស្ស៉ី បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកការទូត នៅបេសកកម្មរបស់រុស្ស៉ីប្រចាំ EU ដែលបាននិយាយថា វិធានការទាំងនេះគឺគ្មានន័យ បើគ្មានការសម្រេចចិត្តពីក្រុមប្រឹក្សាសន្តិសុខ។
សេចក្តីថ្លែងការណ៍នោះគូសបញ្ជាក់ថា «យើងចង់រំលឹកអ្នក ថាមានតែទណ្ឌកម្ម កើតចេញពីការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខប៉ុណ្ណោះ ដែលស្របច្បាប់។ ក្រៅពីនោះ វាគឺជា វិធានការ បង្ខិតបង្ខំ ដោយឯកតោភាគី តាមតែអំពើចិត្ត ផ្ទុយ ពីច្បាប់ អន្តរជាតិ និង ធម្មនុញ្ញ UN»។
គួរបញ្ជាក់ថា កញ្ចប់ទណ្ឌកម្មទី ២០របស់ EU ប្រឆាំងនឹងរុស្ស៉ី ត្រូវបានដាក់ចេញ ក្រោយស្លូវ៉ាគី និងហុងគ្រី ដកការជំទាស់ បន្ទាប់ពីការបើកឱ្យមានលំហូរប្រេងតាមរយៈបំពង់បង្ហូរ Druzhba ឡើងវិញ៕

