ក្រសួងការពារជាតិតៃវ៉ាន់៖ នាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូង គិតចាប់តាំងពីចុងឆ្នាំ២០២៥

តៃប៉ិ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ទី២០ ខែមេសា នាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាលើកដំបូង គិតចាប់តាំងពីចុងឆ្នាំ២០២៥។
ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបានធ្វើសកម្មភាពយោធាសឹងតែរៀងរាល់ថ្ងៃ នៅក្បែរដែនកោះនេះ ដើម្បីជាការដាក់សម្ពាធ។ លើកចុងក្រោយ ដែលតៃវ៉ាន់បានរាយការណ៍ពី វត្តមាននាវាផ្ទុកយន្តហោះចម្បាំងចិននៅច្រកសមុទ្រតៃវ៉ាន់ គឺកាលពីពាក់កណ្តាល ខែធ្នូ ចុងឆ្នាំមុន នៅពេលនាវា Fujian ដែលជានាវាផ្ទុកយន្តហោះចម្បាំងស៊េរីថ្មីជាងគេរបស់ចិន បើកឆ្លងកាត់ច្រកសមុទ្រនោះ។
បើតាមទីក្រុងតៃប៉ិ នាវាផ្ទុកយន្តហោះចម្បាំង ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃចន្ទ គឺនាវា Liaoning ដែលជា នាវាចាស់ជាងគេ ក្នុងចំណោមនាវាផ្ទុកយន្តហោះចម្បាំងទាំង ៣គ្រឿង ដែលចិនកំពុងធ្វើប្រតិបត្តិការ។
ចិនប្រកាន់គោលជំហរថា ច្រកសមុទ្រតៃវ៉ាន់ ស្ថិតក្រោមដែនអធិបតេយ្យរបស់ខ្លួន ប៉ុន្តែទីក្រុងតៃប៉ិ និងខ្នងបង្អែកធំបំផុតរបស់ខ្លួន គឺទីក្រុងវ៉ាស៉ីនតោន បានច្រានចោល ដោយលើកឡើងថា វាជាច្រកផ្លូវទឹកអន្តរជាតិ។
គួរបញ្ជាក់ថា កងទ័ពជើងទឹកអាមេរិក ជារឿយៗបានបញ្ជូននាវាចម្បាំង ឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ រៀងរាល់ប៉ុន្មានខែម្តង ហើយសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ក៏បានធ្វើដូចគ្នាម្តងម្កាលផងដែរ៕

