ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីនិស្សិតខ្មែរ និងធុរជនដែលរស់នៅក្នុងតំបន់ ប្រមាណ២០០នាក់។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញសំណេះសំណាល និងផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដល់និស្សិតខ្មែរដែលរស់នៅ និងសិក្សាក្នុងប្រទេសចិន។
លោកជំទាវបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការចូលរួមរបស់និស្សិតក្នុងការថែរក្សា លើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងបានគូសបញ្ជាក់ពីតួនាទីរបស់និស្សិតខ្មែរ ក្នុងនាមជាតំណាងរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន និងផ្សព្វផ្សាយព័ត៌មានជាក់ស្តែងពីកម្ពុជា៕

