សាលាដំបូងខេត្តព្រះវិហារ ដោះលែងអ្នកបើកបរម៉ូតូដែលដួលបង្កឱ្យអ្នករួមដំណើរពីក្រោយស្លាប់ ឱ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន

ព្រះវិហារ៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សាលាដំបូងខេត្តព្រះវិហារ បានសម្រេចដោះលែងអ្នកបើកបរម៉ូតូដែលដួលបង្កឱ្យអ្នករួមដំណើរពីក្រោយស្លាប់ ឱ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន។
សាលាដំបូងខេត្តព្រះវិហារបញ្ជាក់ថា ជនត្រូវចោទបានបើកបរក្នុងស្ថានភាពមានជាតិស្រវឹង និងក្នុងល្បឿនលឿន រួចក៏ជ្រុលធ្លាក់ជង្ហុកបណ្តាលឱ្យដួល ធ្វើឱ្យរងរបួសទាំង ២នាក់ ប៉ុន្តែជាអកុសល យុវជនដែលត្រូវជាបងប្អូនជីដូនមួយជិះពីក្រោយ បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ បានបន្តថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១១៤ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៨២ ដ.ស.ស/២៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដែលបង្កឡើងដោយជនត្រូវចោទឈ្មោះ លេ សុខេត ភេទស្រី កើតឆ្នាំ២០០៣ ជនជាតិខ្មែរ។ ជនត្រូវចោទត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ» ប្រព្រឹត្តនៅភូមិពើក ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុ ជនត្រូវចោទឈ្មោះ លេ សុខេត ជាអ្នកបើកបរម៉ូតូ (ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០២៦) និងជនរងគ្រោះឈ្មោះ ជន ជា ជាអ្នករួមដំណើរ បានទៅចូលរួមកម្មវិធីជួបជុំគ្នា ដោយបានសេពគ្រឿងស្រវឹងមុនពេលត្រឡប់មកផ្ទះវិញ។
អំឡុងពេលធ្វើដំណើរត្រឡប់មកវិញ ជនត្រូវចោទឈ្មោះ លេ សុខេត បានបើកបរឌុបជនរងគ្រោះក្នុងល្បឿនលឿនលើផ្លូវគ្រួសក្រហម ក្នុងស្ថានភាពស្រវឹង ហើយបានជ្រុលធ្លាក់ជង្ហុក បណ្តាលឱ្យអ្នកបើកបរគ្រប់គ្រងស្ថានភាពមិនបាន ក៏ដួលម៉ូតូរងរបួសទាំងពីរនាក់ ចំណែកជនរងគ្រោះឈ្មោះ ជន ជា បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បានស្តាប់ចម្លើយរបស់៖
– ឈ្មោះ ឌី ជន និងឈ្មោះ ឃុន ណេត ត្រូវជាឪពុកម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ ជន ជា (ភេទប្រុស)។
– និងឈ្មោះ ឌី សុំ ត្រូវជាម្តាយបង្កើតរបស់ជនត្រូវចោទឈ្មោះ លេ សុខេត (ភេទស្រី) រួចរាល់ហើយ។
ជាមួយគ្នានេះដែរ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឃើញមានការផ្សព្វផ្សាយតាមបណ្តាញសង្គម នូវលិខិតរបស់ឈ្មោះ ឌី ជន និងឈ្មោះ ឃុន ណេត ត្រូវជាឪពុកម្តាយបង្កើតរបស់ជនរងគ្រោះ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារមិនប្តឹងផ្តល់លើជនត្រូវចោទឈ្មោះ លេ សុខេត ប៉ុន្តែសាលាដំបូងខេត្តព្រះវិហារ ពុំទាន់បានទទួលលិខិតខាងលើនេះ ដើម្បីដាក់ចូលជាឯកសារក្នុងសំណុំរឿងនៅឡើយទេ។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរបានយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចស៊ើបសួរ ទាំងដោះបន្ទុក និងដាក់បន្ទុក ស្របទៅតាមនីតិវិធីច្បាប់ ដោយយោងទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ដើម្បីស្វែងរកយុត្តិធម៌។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកាដោះលែងជនត្រូវចោទខាងលើឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន និងសម្រេចដាក់ជននេះឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

