ស្នងការខេត្តបន្ទាយមានជ័យ ផ្តាំផ្ញើកងកម្លាំងនគរបាល បន្តអនុវត្តតួនាទីភារកិច្ច និងបំពេញការងារឱ្យបានល្អ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តអនុវត្តតួនាទីភារកិច្ច គោរពវិន័យម៉ោងពេល និងបំពេញធ្វើការងារឱ្យបានល្អបន្ថែមទៀត។
ការផ្ដាំផ្ញើរបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធធ្វើឡើងនាឱកាសដឹកនាំកងកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ បានចុះបំពេញបេសកកម្មការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានលទ្ធផលល្អគួរជាទីមោទនៈ៕

