ពលករ និងសហគមន៍ខ្មែរនៅក្រៅប្រទេស បានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងអធិកអធម ដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ

ពលករ និងសហគមន៍ខ្មែរ នៅប្រទេសកូរ៉េ ប្រទេសជប៉ុន ប្រទេសម៉ាឡេស៊ី ប្រទេសអាល្លឺម៉ង់ និងឆែក បានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងអធិកអធមដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ដោយមានការសហការជាមួយក្រុមការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅតាមបណ្តាប្រទេសនីមួយៗ ។
ពិធីជួបជុំដ៏សប្បាយអឺងកងនេះ ជាពេលវេលាដ៏សំខាន់សម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេសក្នុងការរួបរួមសាមគ្គីភាព បន្តរក្សាប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិដែលមានទាំងពិធីសាសនា ការលេងល្បែងប្រពៃណី ការរាំកម្សាន្ត និងការជួបជុំពិសារអាហារដែលជាការពូនជ្រំសាមគ្គីភាពរបស់បងប្អូនជនរួមជាតិខ្មែរតែមួយបើទោះបីជានៅឯនាយសមុទ្រក៏ដោយ៕

