រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីរាប់បាត្រព្រះសង្ឃ១០៨អង្គដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វីរយុទ្ធជនដែលបានពលីការពារទឹកដី

បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានដឹកនាំរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន១០៨អង្គ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធយុទ្ធជនពលីការពារបូរណភាពទឹកដីស្ថិតក្នុងស្មារតីនៃក្តីស្រឡាញ់ជាតិមាតុភូមិ និងការដឹងគុណចំពោះការលះបង់របស់វីរកងទ័ពរបស់កម្ពុជា។
ពិធីនេះធ្វើឡើងនៅបរិវេណមុខសាលាខេត្តបាត់ដំបង នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។
សូមជម្រាបថា ដើម្បីសម្ដែងនូវការដឹងគុណដល់ការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជាដែលបាន លះបង់សាច់ស្រស់ឈាមស្រស់ពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន រដ្ឋបាលខេត្តបាត់ដំបងបានណែនាំដល់បណ្តាវត្តអារាមទូទាំងខេត្តឱ្យរៀបចំពិធីពូនភ្នំខ្សាច់ រាប់បាត្រព្រះសង្ឃ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យជារៀងរាល់ថ្ងៃក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីជូនដល់ វិញ្ញាណក្ខន្ធវីរកងទ័ពពលីទាំងអស់ឱ្យបានទៅកាន់សុគតិភព។
ជាមួយគ្នានេះ រដ្ឋបាលខេត្តនឹងរៀបចំផងដែរនូវពិធីរាប់បាត្រព្រះសង្ឃចំនួន១០៨ អង្គ ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពពលីរបស់កម្ពុជាគ្រប់រូប នៅបរិវេណមុខសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ស្ថិតក្នុងស្មារតីនៃក្តីស្រឡាញ់ជាតិមាតុភូមិ និងការដឹងគុណចំពោះការលះបង់របស់វីរកងទ័ពរបស់កម្ពុជា៕

