សម្ដេចតេជោ៖ របួសកូនដៃមួយមិនគួរធ្វើឱ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះថា “របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ។តើហាមទេវតាមិនឲ្យចុះមកបានទេ?តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ?បើកម្ពុជាពេលនេះមិនមានជម្ងឺឆ្លងកូវីដ១៩ដូចឆ្នាំ២០២០ ផងនោះ។
យើងទទួលស្គាល់ថាយើងនៅមានការលំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃដែនដីនិងពេលវេលាដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែននិងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។
សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀតតើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា?ដូចជាការបិទផ្សារបិទការលក់ដូរ បិទធនាគារបិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា?
ពួកជ្រុលនិយមទិទៀនរាជរដ្ឋាភិបាលដែលរៀបចំនគរសង្រ្កានដោយគេចោទរាជរដ្ឋាភិបាលថាមិនបានគិតដល់ការលំបាករបស់កងទ័ពនិងប្រជាជនភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គមដែលខ្ញុំប្រៀបធៀបថា(របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណនោះឡើយ)។
សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះនិងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះវាស្មើនិងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។
សូមគោរពអញ្ជើញអ្នកប្រឆាំងនិងការចូលឆ្នាំមកសប្បាយរីករាយក្នុងពេលចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស។សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុសនិងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខទាំងអស់”៕

