នាវាចម្បាំងអាមេរិក ២គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីចាប់ផ្ដើមបេសកកម្មបោសសម្អាតគ្រាប់មីនបង្កៃដោយអ៉ីរ៉ង់

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ទីបញ្ជាការកណ្ដាលអាមេរិក ឬហៅកាត់ថា CENTCOM បានអះអាងកាលពីថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ថានាវាចម្បាំងអាមេរិក ២គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីចាប់ផ្ដើមបេសកកម្មបោសសម្អាតគ្រាប់មីនបង្កៃដោយអ៉ីរ៉ង់។ ប៉ុន្តែទីក្រុងតេហេរ៉ង់បានច្រានចោលការអះអាងនេះ។
ការប្រកាសពីការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ជាលើកដំបូងដោយនាវាចម្បាំងអាមេរិក ចាប់តាំងពីសង្រ្គាមរបស់សហរដ្ឋអាមេរិក អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ផ្ទុះឡើងមក កើតមានបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្ដើមបោសសម្អាតគ្រាប់មីនដែលអ៉ីរ៉ង់បានបង្កៃនៅក្នុង ផ្លូវទឹកដ៏សំខាន់មួយនេះ។
តាមមេបញ្ជាការ CENTCOM លោកឧត្តមនាវី Brad Cooper នាវាចម្បាំងទាំង២គ្រឿងដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នោះគឺនាវាពិឃាដប្រដាប់ដោយមីស៊ីល USS Frank E. Peterson និង USS Michael Murphy។
លោកបន្ថែមថាកងកម្លាំងអាមេរិកបន្ថែមទៀត ក្នុងនោះរួមមានទាំងដ្រូនក្រោមទឹក ក៏អាចនឹងចូលរួមបេសកកម្មបោសសម្អាតគ្រាប់មីនផងដែរនៅប៉ុន្មានថ្ងៃខាងមុខ។ ក៏ប៉ុន្តែ អ៉ីរ៉ង់បានច្រានចោលការអះអាងរបស់ CENTCOM ដែលថានាវាចម្បាំងអាមេរិកបានធ្វើដំណើរចូលច្រកសមុទ្រ Hormuz។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម បានឱ្យដឹងថាសហរដ្ឋអាមេរិកបាន និងកំពុងចាប់ផ្ដើមដំណើរការបោសសម្អាតគ្រាប់មីន ក្នុងតំបន់ច្រកសមុទ្រ Hormuz ៕
