សម្ដេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ» នឹងបន្តធ្វើជានិច្ចមិនជាប់គាំងដូចការលើកឡើងរបស់ជនអគតិមួយចំនួនតូចនោះឡើយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ» នឹងបន្តធ្វើជានិច្ចមិនជាប់គាំងដូចការលើកឡើងរបស់ជនអគតិមួយចំនួនតូចនោះឡើយ ខណៈគម្រោងជាប្រវត្តិសាស្រ្តនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ប្រជាជនកម្ពុជា។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ ប្រវែង១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្ដាល-សមុទ្រ ខេត្តកែប នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបន្តថា រយៈពេល៥ឆ្នាំកន្លងមកនេះ កម្ពុជាបានទទួលនូវវិញ្ញាសាស្មុគស្មាញ និងធំៗច្រើន ដូចជាបញ្ហាកូវីដ-១៩ បញ្ហាសង្គ្រាមអ៊ុយក្រែន ពន្ធបដិការ សង្គ្រាមឈ្លានពានរបស់ថៃ និងវិបត្តិថាមពល នាពេលបច្ចុប្បន្ន តែទោះវិញ្ញាសាលំបាក មិនប្រាកដប្រជាយ៉ាងណា តែកម្ពុជានៅអាចមានភាពម្ចាស់ការជម្នះឧបសគ្គដើរទៅមុខបានជានិច្ច។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា សម្ដេចគ្រោងនឹងធ្វើដំណើរតាមផ្លូវទឹកនៃគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលកំពុងដំណើរការសាងសង់ដោយមិនឱ្យអាជ្ញាធរតាមបណ្ដាខេត្តនៃផ្លូវទឹករបស់ គម្រោងដឹងនោះឡើយ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋនៅអំឡុងពេលសាងសង់ និងក្រោយពេលសាងសង់រួច៕




