អារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់អ៉ីរ៉ង់ ក្នុងរយៈពេលសប្តាហ៍កន្លងមក បណ្តាលមានមនុស្សស្លាប់ រងរបួស និងបានជះផលប៉ះពាល់ដល់សមត្ថភាពផលិតប្រេងរបស់ខ្លួន

រីយាដ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ អារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ការវាយប្រហាររបស់អ៉ីរ៉ង់ ក្នុងប៉ុន្មានរយៈពេលសប្តាហ៍កន្លងមក បណ្តាលមានមនុស្សស្លាប់ រងរបួស និងបានជះផលប៉ះពាល់ដល់សមត្ថភាពផលិតប្រេងរបស់ខ្លួន។
មន្រ្តីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត ប្រាប់សារព័ត៌មានក្នុងស្រុកថា អ៉ីរ៉ង់បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធផលិតប្រេង និងឧស្ម័ន ការដឹកជញ្ជូន និងចម្រាញ់ ក៏ដូចជារោងចក្រគីមីឥន្ធនៈ និងរោងចក្រថាមពលក្នុងទីក្រុង Riyadh ខេត្តភាគខាងកើត និងទីក្រុងឧស្សាហកម្ម Yanbu។
មន្ត្រីដដែលរូបនេះនិយាយទៀតថា ការវាយប្រហារបានសម្លាប់ជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់ និង ៧នាក់រងរបួស ហើយគ្រាន់តែការវាយប្រហារលើស្ថានីយ៍បូមទឹកមួយ នៅបំពង់បង្ហូរប្រេង east-west pipeline ដ៏សំខាន់ បណ្តាលឱ្យសមត្ថភាពបូមប្រេងថយចុះ ៧០០ ០០០បារ៉ែលក្នុងមួយថ្ងៃ។
ដោយឡែក រោងចក្រផលិតប្រេង Manifa និង Khurais ក៏បានរងនូវការវាយប្រហារផងដែរ ដែលកាត់បន្ថយសមត្ថភាពផលិត ៦០០ ០០០បារ៉ែលក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា មុនពេលមានសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅឈានមុខគេរបស់ពិភពលោក ផលិតប្រេងបានជាង ១០លានបារ៉ែលក្នុងមួយថ្ងៃ៕

