រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ អ្នករត់តាក់ស៊ីដែលដឹកជនល្មើស ប្រព្រឹត្តិអំពើ Scam Online មិនមានទោសនោះទេ ករណីដែលគាត់មិនបានដឹង

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលរៀបចំឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ចំពោះអ្នករត់ឡានឈ្នួល ឬតាក់ស៊ីដែលដឹកជនល្មើស ដែលប្រព្រឹត្តិអំពើ Scam Online ឬឧក្រិដ្ឋជនគ្រឿងញៀននឹងមិនមានទោសនោះទេ ក្នុងករណីដែលគាត់មិនបានដឹង ប៉ុន្តែក្នុងករណីដែលអ្នករត់តាក់ស៊ីនោះ ដឹងថាឧក្រិដ្ឋជននោះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនហើយនៅតែសម្រួលដល់ការដឹកជននោះរត់គេចខ្លួន នោះពួកគេនឹងជាប់ពាក់ព័ន្ធនឹងបទល្មើស។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីលើកឡើងថា ជាការពិត ក្រុមដែលប្រព្រឹត្តិបទល្មើស Scam Online នេះ តែងតែផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរថយន្តឈ្នួល ឬតាក់ស៊ី និងទាមទារឱ្យមានការត្រួតពិនិត្យ ពីសមត្ថកិច្ច។តែយ៉ាងនេះក្តីសម្រាប់អ្នករត់តាក់ស៊ីដែលដឹកជនល្មើសទាំងនោះ ហើយមិនដឹងថាជននោះជាជនល្មើស ពួកគេនឹងមិនទទួលខុសត្រូវមុខច្បាប់នោះទេ លើកលែងគាត់ស៊ុំគ្រលំ ឬជាប់ពាក់ព័ន្ធជានឹងScam Online។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងករណីខ្លះដែលសមត្ថកិច្ចចាប់អ្នករត់តាក់ស៊ីទាំងនោះ គឺមិនមែនជាប់ចោទពីបទបើកឡានដឹកជនល្មើសទេ គឺជាប់ចោទពីបទ សមគំនិតក្នុងអំពើ Scam Online។
យ៉ាងមិញលោកបញ្ជាក់ថា ក្នុងករណីនេះ ប្រសិនបុគ្គលនោះជាបុគ្គលល្បី គេគ្រប់គ្នាថា គាត់ជាឧក្រិដ្ឋជនហើយសមត្ថកិច្ចតាមចាប់ខ្លួន បើអ្នករត់ស៊ីនៅតែដឹកជួយសម្រួលដល់ការរត់គេខ្លួន នោះគាត់នឹងអាចមានទោស៕
