បេសកកកម្មរក្សាសន្តិភាពនៅប្រទេសលីបង់ បានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពម្នាក់ ត្រូវបានបាត់បង់ជីវិត នៅពេលគ្រាប់ផ្លោងមួយ បានផ្ទុះនៅចំណុចទីតាំងឈរជើងមួយកន្លែងរបស់ខ្លួន

បរទេស៖ បេសកកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសលីបង់ ហៅកាត់ UNIFIL បានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពម្នាក់ ត្រូវបានបាត់បង់ជីវិត នៅពេលគ្រាប់ផ្លោងមួយ បានផ្ទុះនៅចំណុចទីតាំងឈរជើងមួយកន្លែងរបស់ខ្លួន ក្នុងតំបន់ភាគខាងត្បូងលីបង់ កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា។
នាថ្ងៃចន្ទនេះ ក្រសួងការបរទេសឥណ្ឌូណេស៉ី បាននិយាយថា កងកម្លាំងដែលបានបាត់បង់ជីវិតនោះ គឺជាទាហានរបស់ខ្លួន ហើយ៣នាក់ផ្សេងទៀតបានរងរបួស។ UNIFIL បានប្រាប់ថា ខ្លួនមិនទាន់ដឹងច្បាស់ពីប្រភព ដែលគ្រាប់ផ្លោងនោះបាញ់ចេញមកនៅឡើយទេ ប៉ុន្តែការស៉ើបអង្កេតត្រូវបានធ្វើឡើង។
UNIFIL កំពុងឈរជើងនៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីឃ្លាំមើលអរិភាពនៅតាមបណ្តោយព្រំប្រទល់ជាប់អ៉ីស្រាអែល ដែលជាកន្លែងក្តៅនៃការប៉ះទង្គិចគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។ បេសកកម្ម UNIFIL នឹងត្រូវផ្អាកប្រតិបត្តិការនៅចុងឆ្នាំ២០២៦នេះ ខណៈប៉ុន្មានឆ្នាំចុងក្រោយ ធ្លាប់ស្ថិតក្រោមការវាយប្រហារម្តងហើយម្តងទៀត អំឡុងការប្រយុទ្ធគ្នារវាងអ៉ីស្រាអែលនិងហេសបូឡា។
កាលពីថ្ងៃទី៦ ខែមីនា យោធាប្រទេសហ្កាណា បាននិយាយថា ទីស្នាក់ការរបស់កងកម្លាំងខ្លួននៃបេសកកម្មរក្សាសន្តិភាព UN នៅលីបង់ ត្រូវបានមីស៉ីលបាញ់ចំ បណ្តាលឱ្យទាហាន ២នាក់រងរបួសធ្ងន់។ ក្រោយមក យោធាអ៉ីស្រាអែល បានទទួលស្គាល់ថា រថក្រោះរបស់ខ្លួនបានបាញ់ចំទីតាំង UN នៅភាគខាងត្បូងលីបង់ នាថ្ងៃនោះ ហើយបណ្តាលឱ្យ កងរក្សាសន្តិភាពហ្កាណារងរបួស ប៉ុន្តែបានបកស្រាយថា គឺខ្លួនឆ្លើយតបការបាញ់មីស៉ីលប្រឆាំងរថក្រោះ មកពីក្រុមហេសបូឡា ដែលបណ្តាលឱ្យទាហានខ្លួន២នាក់រងរបួស។
គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី បានថ្កោលទោសឧប្បត្តិហេតុខាងលើ ហើយនិយាយការគំរាមកំហែងអាយុជីវិតកងកម្លាំងរក្សាសន្តិភាព គឺជាទង្វើមិនអាចទទួលយកបានដាច់ខាត។ លីបង់ត្រូវបានទាញឱ្យធ្លាក់ចូលជ្រៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា នៅពេលក្រុមហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែតដាក់អ៉ីស្រាអែល កាលពីថ្ងៃទី២ ខែមីនា ដើម្បីគាំទ្រទីក្រុងតេហេរ៉ង់ ពោលគឺ២ថ្ងៃបន្ទាប់ពីអ៉ីរ៉ង់បានរងការវាយប្រហារដោយអ៉ីស្រាអែលនិងអាមេរិក។
ការវាយប្រហាររបស់ហេសបូឡា បានហុចឱកាសឱ្យអ៉ីស្រាអែល បើកយុទ្ធនាការវាយលុកទ្រង់ទ្រាយធំសាជាថ្មីប្រឆាំងក្រុមសកម្មប្រយុទ្ធនេះ ក្រោយបទឈប់បាញ់ដ៏ផុយស្រួយ ដែលសម្រេចបានកាលពីចុងឆ្នាំ២០២៤៕

