លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខ ព្រិន្ទបាលឯក ជិន ថុល និងនាយចំណង់ នៅ សុខហេង ដែលវីរកងទ័ពទាំងពីរជួបគ្រោះថ្នាក់ក្នុងអំឡុងពេលបំពេញការងារ

ភ្នំពេញ៖ ដោយអារម្មណ៍គិតគូរ ខ្វាយខ្វល់អំពីសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) អញ្ជើញសួរសុខទុក្ខដោយផ្ទាល់ដល់ ព្រិន្ទបាលឯក ជិន ថុល អាយុ ៤៦ឆ្នាំ និងនាយចំណង់ នៅ សុខហេង អាយុ ៤៧ឆ្នាំ ដោយវីរកងទ័ពទាំងពីរបានជួបគ្រោះថ្នាក់ក្នុងអំឡុងពេលបំពេញការងារ រួចត្រូវបានបញ្ជូនមកព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ក្នុងវេលាចុះសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខដោយក្តីបារម្ភបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់វីរកងទ័ពទាំងពីរផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ជូនដល់វីរកងទ័ព រួមទាំងក្រុមគ្រួសារសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិមាតុភូមិ៕

