របាយការណ៍៖ យុទ្ធនាការទម្លាក់គ្រាប់បែកអស់រយៈពេលមួយខែពេញ អាម៉េរិក និងអ៊ីស្រាអែល អាចកម្ទេចឃ្លាំងមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់បានត្រឹមប្រហែល១ភាគ៣ប៉ុណ្ណោះ

បរទេស៖ របាយការណ៍ស៊ើបការណ៍សម្ងាត់ថ្មីមួយ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានទម្លាយថា បន្ទាប់ពីយុទ្ធនាការទម្លាក់គ្រាប់បែកអស់រយៈពេលមួយខែពេញ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល អាចកម្ទេចឃ្លាំងមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់បានត្រឹមប្រហែល១ភាគ៣ប៉ុណ្ណោះ។
តួលេខនេះ បានបង្ហាញពីភាពផ្ទុយគ្នាស្រឡះទៅនឹងការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាអ៊ីរ៉ង់ស្ទើរតែអស់រ៉ុក្កែតប្រើប្រាស់ទៅហើយ។
តាមការវាយតម្លៃពីប្រភពស៊ើបការណ៍អាម៉េរិក៥រូប បានឱ្យដឹងថា ក្រៅពីអាវុធ១ភាគ៣ដែលត្រូវបានកម្ទេច នៅមានអាវុធ១ភាគ៣ផ្សេងទៀតដែលរងការខូចខាត ឬត្រូវបានកប់ទុកក្នុងបណ្តាញរូងភ្នំក្រោមដីដ៏ស្មុគស្មាញ ដែលធ្វើឱ្យអាម៉េរិកពិបាកនឹងវាយតម្លៃចំនួនពិតប្រាកដឱ្យបានច្បាស់លាស់។
ទោះបីជាចំនួននៃការបាញ់បង្ហោះមានការធ្លាក់ចុះ ប៉ុន្តែអ៊ីរ៉ង់នៅតែអាចបន្តវាយប្រហារលើអ៊ីស្រាអែល និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតំបន់ឈូងសមុទ្ទជាបន្តបន្ទាប់ ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។
រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក លោក ភិត ហេកសិត (Pete Hegseth) បានទទួលស្គាល់ថា បណ្តាញរូងក្រោមដី គឺជាឧបសគ្គដ៏ធំមួយក្នុងការកម្ទេចឃ្លាំងអាវុធអ៊ីរ៉ង់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កងទ័ពអាម៉េរិកនឹងបន្តស្វែងរក និងកម្ទេចអាវុធទាំងនោះ ដោយមិនឈប់ឡើយ៕

