អគ្គស្នងការរងនគរបាលជាតិ ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខព្រំដែន និងចុះត្រួតពិនិត្យទិសដៅការងារក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ដោយ ទទួលបាន ការ អនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម នាយ ឧត្ដមសេនីយ៍ ស ថេត អគ្គ ស្នង ការ នគរបាល ជាតិ នៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយ ជ័យ ថ្ងៃ ទី២៧ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប និងពង្រឹងការងារសន្តិសុខ ព្រមទាំងចុះត្រួតពិនិត្យផ្ទាល់នូវទិសដៅអនុវត្តការងារក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីលោក អនុប្រធាននាយកដ្ឋាន ប្រតិភូក្រុមការងារទី៤ ទទួលទិសភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បៃលិន បាត់ដំបង និងពោធិ៍សាត់ឮ លោកស្នងការ ស្នងការរង ផែនការងារពាក់ព័ន្ធ លោកនាយ នាយរងការិយាល័យ និងលោក អធិការ នគរបាល ក្រុង -ស្រុក លោកនាយ នាយរងផ្នែកជំនាញ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស បានអានសេចក្តីសម្រេចលេខ ៥៥០ សសរ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពី ការបង្កើតក្រុមការងារ ដឹកនាំត្រួតពិនិត្យ ការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ជួញដូរមនុស្ស សេដ្ឋកិច្ច និងបទល្មើសគ្រឿងញៀន អានលិខិតបង្គាប់ការលេខ ០០៦ ស.ប.ក ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានការងារក្រុមទី៤ បានសង្កត់ធ្ងន់លើចំណុចគន្លឹះមួយចំនួន ដើម្បីពង្រឹងយន្តការការងារឱ្យកាន់តែរឹងមាំ រួមមាន ការទប់ស្កាត់បទល្មើសឆ្លងដែន ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបរាល់សកម្មភាពខុសច្បាប់គ្រប់ប្រភេទ ជាពិសេសការជួញដូរមនុស្ស ការរត់ពន្ធទំនិញគេចពន្ធ និងការឆ្លងដែនខុសច្បាប់។ ការរឹតបន្តឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ដោយជំរុញឱ្យកម្លាំងសមត្ថកិច្ចដែលឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។ ការត្រួតពិនិត្យការអនុវត្តការងារ គឺពិនិត្យឡើងវិញនូវរាល់វឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលកងកម្លាំងបានជួបប្រទះ ដើម្បីដាក់ចេញនូវវិធានការដោះស្រាយឱ្យទាន់ពេលវេលា។ ការចុះត្រួតពិនិត្យផ្ទាល់នៅតាមភូមិសាស្ត្រគោលដៅសម្រាប់រៀបចំផែនការការពារឱ្យបានហ្មត់ចត់ និងណែនាំបន្ថែមលើបច្ចេកទេស និងវិន័យកងកម្លាំងនគរបាលជាតិ មិនត្រូវទទួលភាគលាភ ឬទទួលផលរាល់បទល្មើសក្នុងមូលដ្ឋាន ជាពិសេសបទល្មើស Scam online។ ការរក្សាសន្តិសុខនៅតាមព្រំដែន គឺជាកិច្ចការអាទិភាពបំផុត ដែលទាមទារឱ្យមានការសហការគ្នា និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។
ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គស្នងការរង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើជាតិ និងមាតុភូមិ ព្រមទាំងជំរុញឱ្យបន្តស្មារតីនេះដើម្បីបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

