ឯកឧត្តម ឌី ខាំបូលី ចូលរួមកិច្ចប្រជុំសម្របសម្រួល សម្រាប់បេសកកម្មស្វែងរកការពិត នៃដំណើរការស្នើសុំចូលជាសមាជិកភាពអាស៊ាន របស់ទីម័រឡេស

ទីក្រុងឌីលី៖ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា និងជាប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំសម្របសម្រួលសម្រាប់បេសកកម្មស្វែងរកការពិត នៃដំណើរការស្នើសុំចូលជាសមាជិកភាពអាស៊ាន របស់ប្រទេសទីម័រឡេស ដោយមានការចូលរួមពីឧត្តមមន្ត្រី សហគមន៍សង្គម-វប្បធម៌អាស៊ាននៃប្រទេសសមាជិកអាស៊ាន ប្រធានអន្តរវិស័យនៃសហគមន៍សង្គម-វប្បធម៌អាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន អគ្គលេខាធិការរងទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន មន្ត្រីបង្គោលពាក់ព័ន្ធ និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។

ក្នុងឱកាសនោះដែរ ប្រទេសទីម័រឡេស បានរៀបចំពិធីពិសាភោជនីយាហារ ដែលមានការចូលរួមរបស់ ឯកឧត្តម Juliao da Silva រដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការនៃប្រទេសទីម័រឡេស។ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថា ដោយផ្តោតសំខាន់លើចំណុចចំនួន៣ ដូចតទៅ៖
១) ការពិចារណាលើពាក្យស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន
២) បេសកកម្មស្វែងរកការពិតរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាននឹងរួមចំណែកក្នុងការជំរុញពាក្យស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស ខណៈដែលយើងបាននឹងកំពុងបន្តផ្តល់ឱកាសឱ្យប្រទេសទីម័រឡេសក្នុងការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីជំនាញពាក់ព័ន្ធ
៣) សម្រាប់ប្រទេសទីម័រឡេសផ្ទាល់នឹងអាចបង្ហាញពីភាពរួចរាល់ ក្នុងការចូលជាសមាជិកអាស៊ាន និងអាចបញ្ជាក់ពីតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន៕

