ប្រទេសបារ៉ែន ដាក់សេចក្តីព្រាងដំណោះស្រាយមួយ ទៅកាន់ UN ឱ្យអនុញ្ញាតដល់ប្រទេសនានា ប្រើប្រាស់កងកម្លាំង ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz

ប៉ារីស៖ យោងតាមលិខិតដែល Reuters បានឃើញកាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ប្រទេសបារ៉ែន បានដាក់សេចក្តីព្រាងដំណោះស្រាយមួយ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UN) ឱ្យអនុញ្ញាតដល់ប្រទេសនានា ប្រើប្រាស់កងកម្លាំង ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz។
ការបិទខ្ទប់ច្រកសមុទ្រ គឺជាគោលដៅសំខាន់មួយរបស់អ៉ីរ៉ង់ ដើម្បីសងសឹកចំពោះការចាប់ផ្តើមសង្រ្គាម ដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។
ក្រុមអ្នកកាទូតនិយាយថា សេចក្តីព្រាងដំណោះស្រាយរបស់បារ៉ែន ទទួលបានការគាំទ្រពីប្រទេសអារ៉ាប់ដទៃទៀត រួមទាំងសហរដ្ឋអាមេរិក បើទោះបីជាពួកគេនិយាយថា វាទំនងជាមិនជោគជ័យក៏ដោយ។
សេចក្តីព្រាងដំណោះស្រាយនោះ បានហៅសកម្មភាពរបស់អ៉ីរ៉ង់ថា ជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ហើយប្រទេសនានាគួរតែធ្វើសកម្មភាពតែឯង ឬតាមរយៈកងទ័ពជើងទឹកពហុជាតិស្ម័គ្រចិត្ត នៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz រួមទាំងនៅព្រំដែនទឹកនៃប្រទេសនីមួយៗ ដើម្បីជួយការពារ និងទប់ស្កាត់សកម្មភាពដែលរារាំង ឬរំខានដល់នាវាចរណ៍អន្តរជាតិ។
សេចក្តីព្រាងដដែល ក៏ បានបង្ហាញ ពី ការ ត្រៀម ខ្លួនចាត់ វិធានការ រួម ទាំង ការ កំណត់គោលដៅដាក់ ទណ្ឌកម្ម ផងដែរ។ បេសកកម្មរបស់បារ៉ែន និងអាមេរិកនៅ UN មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

