ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងរៀបចំរចនាសម្ព័ន្ធកម្មវិធីថវិកា ដើម្បីរៀបចំផែនការសមិទ្ធកម្មឆ្នាំ២០២៧ និងផែនការយុទ្ធសាស្ត្រថវិកា ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងរៀបចំរចនាសម្ព័ន្ធកម្មវិធីថវិកា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការសមិទ្ធកម្មឆ្នាំ២០២៧ និងផែនការយុទ្ធសាស្ត្រថវិកា ៣ឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមអង្គភាពចំណុះក្រសួងអភិវឌ្ឍន៍ជនបទសរុបចំនួន ៦៥នាក់។
នៅក្នុងដំណើការនៃកិច្ចប្រជុំនោះ អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងលម្អិតលើការរៀបចំផែនការតាមកម្មវិធីនីមួយៗ នៃរចនាសម្ព័ន្ធថវិកាកម្មវិធីរបស់ក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាព និងជំរុញការអនុវត្តផែនការសកម្មភាពអភិវឌ្ឍជនបទ ឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់នៅក្នុងគោលនយោបាយជាតិអភិវឌ្ឍជនបទ ២០២៥-២០៣៥ និងដើម្បីចូលរួមសម្រេចឱ្យបានយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្ដី បានធ្វើការថ្លែងអំណរគុណ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសដែលបានចូលរួមយ៉ាងផុសផុលក្នុងការផ្តល់ជាធាតុចូល រហូតសម្រេចបានជាសេចក្តីព្រាងការរៀបចំផែនការសមិទ្ធកម្មឆ្នាំ២០២៧ និងផែនការយុទ្ធសាស្ត្រថវិកា ៣ឆ្នាំរំកិល (២០២៧-២០២៩) នាពេលនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនជូន ដល់នាយកដ្ឋានជំនាញក្នុងការរៀបចំផែនការសមិទ្ធកម្មឱ្យកាន់តែមានសង្គតិភាព និងសក្កិសទ្ធិភាពផងដែរ៕

