រដ្ឋសភាពិនិត្យពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេច ស្ដីពី ការកំណត់តួនាទី និងភារកិច្ចគណៈកម្មការជំនាញ

ភ្នំពេញ៖ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់តួនាទី និងភារកិច្ចរបស់គណៈកម្មការនានានៃរដ្ឋសភា។
ក្រៅពីឯកឧត្ដមលោកជំទាវជាសមាជិកក្នុងគណៈកម្មការទី៦ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងគណៈកម្មការជំនាញទាំង ១០ នៃរដ្ឋសភា និងតំណាងក្រុមប្រឹក្សាអ្នកច្បាប់ផងដែរ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងកែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចថ្មី ឱ្យមានភាពច្បាស់លាស់ និងសមស្របទៅនឹងបរិបទការងារបច្ចុប្បន្ន។ ការកំណត់នេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកំណត់ទំហំការងារ និងការទទួលខុសត្រូវរបស់គណៈកម្មការជំនាញនីមួយៗ ឱ្យកាន់តែច្បាស់លាស់។
តាមរយៈការពិនិត្យ និងកែសម្រួលនេះ រដ្ឋសភាបានរំពឹងទុកថា នឹងអាចបង្កើនប្រសិទ្ធភាពការងារក្នុងក្របខ័ណ្ឌច្បាប់ឱ្យកាន់តែប្រសើរថែមទៀត ជាពិសេសគឺការធានាថា រាល់ការបំពេញបេសកកម្មរបស់គណៈកម្មការជំនាញនីមួយៗ មានភាពរលូន សុក្រឹត និងស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន៕

