ទេសរដ្ឋមន្ត្រី លី ធុជ និងតំណាង UNDP ប្រចាំកម្ពុជា ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Sonali Dayaratne អ្នកតំណាងរងនៃអង្គការ UNDP ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ រួមមាន៖ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) និងប្រទេសនូវែលសេឡង់ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងការរៀបចំផែនការសកម្មភាពអនុវត្តបន្ត។
ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តរបស់គម្រោងបោសសម្អាតដើម្បីលទ្ធផល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤។
សូមរំលឹកថា គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ មានរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២០លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតជាសំខាន់ទៅលើលទ្ធផលធំៗចំនួនបី ទី១-ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទី២-គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន ការប្រមូលទិន្នន័យសេដ្ឋកិច្ចសង្គមពាក់ព័ន្ធវិស័យមីន និងការបញ្ជ្រាបយេនឌ័រក្នុងវិស័យមីន និងទី៣-ពង្រឹងសមត្ថភាពថ្នាក់ជាតិ៕