ព្រះរាជាណាចក្រកម្ពុជាដ៏អស្ចារ្យ! ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍សមរាត្រី ខែមីនា ឆ្នាំ២០២៦

សៀមរាប៖ នាព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ ទិដ្ឋភាពដ៏សែនអស្ចារ្យនៃ «សមរាត្រី» បានលេចរូបរាងឡើងយ៉ាងត្រកាល នៅលើកំពូលប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយវត្ថុលេខ១ របស់ពិភពលោក។
«សមរាត្រី» គឺជាពេលវេលាដែលរយៈពេល «ថ្ងៃ និងយប់មានស្មើគ្នា»។ ទិដ្ឋភាពដ៏សែនអស្ចារ្យដែលព្រះអាទិត្យរះចំកំពូលនៃប្រាសាទអង្គរវត្តនៅពេលនេះ បង្ហាញឱ្យឃើញពីភាពអស្ចារ្យ និងភាពឈ្លាសវៃឥតខ្ចោះផ្នែកវិស្វកម្ម និងតារាសាស្ត្ររបស់បុព្វបុរសខ្មែរ ដែលបានរៀបចំស្ថាបត្យកម្មប្រាសាទឱ្យស៊ីសង្វាក់គ្នាជាមួយដំណើរនៃសកលលោក។
នៅព្រឹកនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងកុះករ បានមកជួបជុំគ្នាដោយស្នាមញញឹម ដើម្បីទទួលពន្លឺព្រះអាទិត្យដំបូងដែលរះឡើងចំកំពូលប្រាង្គកណ្ដាល នៃមហាបដិមាករដ៏រស់រវើកនេះ។
សូមចូលរួមថែរក្សា និងផ្សព្វផ្សាយពីតម្លៃដ៏មហាសាលនៃបេតិកភណ្ឌដូនតាខ្មែរទៅកាន់ពិភពលោក៕

