គ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺភ្នែក សុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង អាណាព្យាបាល ក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានចាត់ឱ្យក្រុមគ្រូពេទ្យរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺភ្នែក សុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និង អាណាព្យាបាល សរុប ចំនួន៣៣៩០នាក់ នៅក្នុងខេត្តបាត់ដំបង។
ពិធីសំណេះសំណាល និងពិនិត្យព្យាបាលនេះធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសាលាបឋមសិក្សារំចេក៣ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស គឺជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិជំរុញវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.)។
មានរបាយការណ៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បញ្ជាក់ជូនថា កម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺរបស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(ធីតា)ក្នុងឱកាសនេះ មានសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូសរុបចំនួន ២.៩៣៨នាក់ ដែលមាន៥សាលារួមមាន៖១.សាលាបឋមសិក្សារំចេក៣ ចំនួន ១៩៣នាក់ គ្រូ ១៥នាក់,២.សាលាបឋមសិក្សាវត្តកំផែង សង្កាត់ស្វាយប៉ោ ចំនួន៥៣៩នាក់ គ្រូ២៩នាក់, ៣.សាលាបឋមសិក្សាសាលាបាឡាត់ សង្កាត់អូរម៉ាល់ ចំនួន៥៣៦នាក់ គ្រូ១៨នាក់,៤.សាលាបឋមសិក្សាអន្លង់វិល ស្រុកសង្កែចំនួន៩០៥នាក់ គ្រូ៣៨នាក់, និង៥.សាលាបឋមសិក្សាឈើទាល ស្រុកបាណន់ ចំនួន៦៤៣នាក់ គ្រូ២២នាក់។
ក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម សុខ លូ គោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងតែគិតគូរពីជីវភាពរស់នៅ សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយកចិត្តទុកដាក់ព្រួយបារម្ភពីបញ្ហាសុខភាពទូទៅ ដូច្នេះហើយបានចាត់តាំងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ធីតា ចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺភ្នែក សុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងឱកាសនេះ។
ឯកឧត្តមវេជ្ជបណ្ឌិត គូសបញ្ជាក់ថា ការបង្កើតសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ គឺដើម្បីព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រតាមរយៈការបង្ខិតសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋនៅតំបន់ជនបទដាច់ស្រយាល និងបណ្ដុះបណ្ដាលធនធានមនុស្សពាក់ព័ន្ធវិស័យសុខាភិបាល។
ឯកឧត្តម ពេជ សោភ័ន មានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី បានយកចិត្តទុកដាក់បំផុតចំពោះសុខមាលភាពរបស់កុមារដែលនឹងក្លាយទៅជាមូលធនមនុស្សនៅថ្ងៃអនាគតក្នុងការជួយជំរុញការអភិវឌ្ឍប្រទេសជាតិ ទើបសម្ដេចនិងលោកជំទាវបានចាត់ឱ្យក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺភ្នែក សុខភាពមាត់ធ្មេញ និងអប់រំសុខភាពជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនាពេលនេះ។
ឯកឧត្តម ពេជ សោភ័ន គូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធាន គ.វ.អ.បានដាក់ចេញនូវ វិធានការ គន្លឹះក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់គុណភាព អប់រំ របស់សាលារដ្ឋ ដោយផ្តោតលើវិធានការគន្លឹះចំនួន៤រួមមាន ៖១.ការពង្រឹងអភិបាលកិច្ចសាលារៀន,២.ការលើកកម្ពស់ចំណេះដឹង វិន័យ សីលធម៌ ឥរិយាបថសិស្ស និងការបង្រៀនបន្ថែម ២ម៉ោងរៀងរាល់ថ្ងៃដោយមិនតម្រូវឱ្យឪពុកម្តាយបង់ប្រាក់,៣. ការយកចិត្តទុកដាក់ចំពោះសុខភាពសិស្សនិង៤.ការជំរុញការចូលរួមរបស់សហគមន៍ដើម្បីការអប់រំ។
ឯកឧត្តម អំពាវនាវដល់សាលាគោលដៅត្រូវបំផុសជំរុញចលនាដាំដុះបន្លែនៅតាមសាលារៀនដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខក្នុងស្មារតីសាមគ្គីជាតិអ្នកជួរក្រោយគាំទ្រអ្នកជួរមុខ៕

